(ក្រុងអូស្ទីន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា លទ្ធភាពដកចេញនូវគោលនយោបាយគាំទ្ររថយន្តអគ្គិសនីពីសំណាក់បេក្ខភាពប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតច្រើនជាងក្រុមហ៊ុន Tesla។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Musk បាននិយាយនៅក្នុងសន្និសីទមួយដែលរៀបចំឡើងក្រោយពេលក្រុមហ៊ុនប្រកាសប្រាក់ចំណេញទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជាង៥ឆ្នាំថា៖ «វានឹងមានការប៉ះពាល់ដល់ដៃគូប្រកួតប្រជែងរបស់យើង ហើយវានឹងធ្វើឱ្យក្រុមហ៊ុន Tesla ឈឺចាប់តិចតួច ប៉ុន្តែរយៈពេលវែងប្រហែលជាអាចជួយ Tesla បើតាមការស្មានរបស់ខ្ញុំ»។
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលលោក Musk គាំទ្រ បានរិះគន់គោលនយោបាយរថយន្តអគ្គិសនីរបស់រដ្ឋាភិបាលលោក ចូ បៃឌិន ហើយបាននិយាយថា គាត់នឹង «បញ្ចប់គោលនយោបាយរថយន្តអគ្គិសនី» ប្រសិនបើគាត់ឈ្នះការបោះឆ្នោត។ លោក ត្រាំ មិនបានពន្យល់លម្អិតពីផែនការរបស់លោកទេ។
លោក Musk បានឱ្យដឹងថា ការដកចេញនូវប្រាក់ឧបត្ថម្ភនៃគោលនយោបាយរថយន្តអគ្គិសនីដោយលោក ត្រាំ និងផលប៉ះពាល់ពីការដកចេញគោលនយោបាយនេះចេញទៅលើការលក់រថយន្តរបស់ក្រុមហ៊ុន Tesla មិនខ្លាំងទេ ដោយសារតែ Tesla គឺជាក្រុមហ៊ុនបញ្ញាសិប្បនិមិ្មត ដែលផ្តោតលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕