(ក្រុងឡុងដ៍)៖ ក្រុមហ៊ុន CyberCube បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការខាតបង់ធានារ៉ាប់រងនៅទូទាំងពិភពលោកពាក់ព័ន្ធនឹងកំហុសបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំកាលពីសប្តាហ៍មុនទំនងជាមានទំហំពី ៤០០លានដុល្លារដល់ ១,៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនវិភាគអ៊ីនធឺណិតរបស់អាមេរិកមួយនេះបានឱ្យដឹងនៅសប្តាហ៍នេះថា កំហុសផ្នែកទន់ (សុសវែរ) នៅក្នុងប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន CrowdStrike បានបណ្តាលឱ្យមានកំហុសអាប់ដេតសុសវែរដែលនាំឱ្យគាំងកុំព្យូទ័រនៅទូទាំងពិភពលោក ខណៈដែលការខាតបង់កើនឡើងបន្ទាប់ពីមានការបង្កឱ្យអាក់ខានដល់សេវាកម្មនានារាប់ចាប់ពីអាកាសចរណ៍រហូតដល់ធនាគារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន CyberCube ថា ការដាច់បច្ចេកវិទ្យានេះអាចជាការបាត់បង់ធានារ៉ាប់រងអ៊ីនធឺណិតដ៏ធំបំផុតតែមួយគត់។
ក្រុមហ៊ុន CyberCube បានឱ្យដឹងថា វាគឺជា «ព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ទីផ្សារធានារ៉ាប់រងអ៊ីនធឺណិត ប៉ុន្តែមិនដល់កម្រិតបំផ្លិចបំផ្លាញដែលមានការត្រៀមលក្ខណៈទុកជាមួយដោយក្រុមហ៊ុនធានារ៉ាប់រងធំៗនោះទេ»។
ក្រុមហ៊ុនធានារ៉ាប់រង Insurer Parametrix នៅសប្តាហ៍នេះបានប៉ាន់ប្រមាណថា ការខាតបង់ធានារ៉ាប់រងពីកំហុសបច្ចេកវិទ្យាព័ត៌មាននេះមានពី ៥៤០លានដុល្លារទៅ ១,០៨ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនធំទាំង ៥០០ របស់អាមេរិកដោយមិនរាប់បញ្ចូលក្រុមហ៊ុន Microsoft ដែលកម្មវិធីកុំព្យូទ័ររបស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយបញ្ហាដែលបង្កដោយក្រុមហ៊ុន CrowdStrike៕