(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីក្រសួងឌីជីថលរបស់ម៉ាឡេស៊ីបានឱ្យដឹងនៅសប្តាហ៍នេះថា លោកបានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក Microsoft និង CrowdStrike ពិចារណាលើការផ្តល់សំណងដល់ក្រុមហ៊ុនដែលបានរងការខាតបង់អំឡុងពេលដាច់បច្ចេកវិទ្យាសកលកាលពីសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កំហុសធ្វើបច្ចុប្បន្នភាពកម្មវិធីសុវត្ថិភាពរបស់ក្រុមហ៊ុន CrowdStrike បានបណ្តាលឱ្យគាំងកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្រដែលបង្កការរំខានដល់សេវាកម្មអ៊ីនធឺណិតនៅទូទាំងពិភពលោក និងប៉ះពាល់ដល់ឧស្សាហកម្មយ៉ាងច្រើន។
លោក Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ភ្នាក់ងាររដ្ឋាភិបាលចំនួន៥ និងក្រុមហ៊ុនចំនួន៩ ដែលកំពុងប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ធនាគារ និងថែទាំសុខភាព ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់នៅក្នុងប្រទេសម៉ាឡេស៊ី។
លោក Gobind បាននិយាយថា គាត់បានជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន CrowdStrike ដើម្បីស្វែងរករបាយការណ៍ពេញលេញអំពីឧប្បត្តិហេតុនេះ និងបានសុំឱ្យក្រុមហ៊ុនចាត់វិធានការជៀសវាងកុំឱ្យមានការដាច់បច្ចេកវិទ្យានេះម្តងទៀត។
លោក Gobind បានមានប្រសាសន៍ថា៖ «ប្រសិនបើមានការខូចខាតឬការខាតបង់នៅទីណាដែលមានភាគីណាមួយបានធ្វើការទាមទារបែបនេះ ខ្ញុំបានស្នើឱ្យពួកគេពិចារណាលើការទាមទារសំណងទាំងនោះ ហើយពិនិត្យមើលថាតើពួកគេអាចជួយដោះស្រាយបញ្ហាបានដល់កម្រិតណា»។ លោកបានបន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ីក៏នឹងជួយលើការទាមទារសំណងទាំងនេះតាមដែលអាចធ្វើទៅបានផងដែរ។ លោករដ្ឋមន្ត្រីបានបន្តថា ចំនួនសរុបនៃការខាតបង់ដែលកើតឡើងមិនទាន់បានកំណត់នៅឡើយទេ។
កាលពីថ្ងៃអង្គារ លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A របស់ប្រទេសម៉ាឡេស៊ីដែលជាប្រតិបត្តិកររបស់ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាប AirAsia បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នានាដែលរងផលប៉ះពាល់ពីការដាច់ប្រព័ន្ធ IT នេះសាកសមនឹងទទួលបានសំណងសម្រាប់ការខាតបង់។
លោកថ្លែងថា៖ «គោលការណ៍គឺថា ប្រសិនបើយើងធ្វើអ្វីខុស យើងត្រូវប៉ះប៉ូវ។ យើង ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត និងអាជីវកម្មផ្សេងទៀតបានខាតបង់ច្រើន»។ លោក Tony Fernandes ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama ថា៖ «ពួកគេគួរតែផ្តល់សំណងដល់ពួកយើង ហើយឥឡូវនេះ យើងត្រូវរង់ចាំមើល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕