(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមគម្រោងទិដ្ឋាការរយៈពេលវែងក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេសជាមួយនឹងទឹកប្រាក់វិនិយោគរហូតដល់ ១០លានដុល្លារអាមេរិកដែលផ្តល់ឱ្យពួកគេនូវទិដ្ឋាការរហូតដល់ ១០ឆ្នាំ និងការចូលទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គម្រោង «ទិដ្ឋាការមាស» រយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនម្នាក់ៗវិនិយោគលើការបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥លានដុល្លារអាមេរិក ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំទាមទារឱ្យមានការវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារ។
បុគ្គលនានាដែលមិនមានបំណងវិនិយោគលើការបង្កើតក្រុមហ៊ុនត្រូវតែដាក់ប្រាក់ចំនួន ៣៥០ ០០០ដុល្លារអាមេរិក និង ៧០០ ០០០ដុល្លារអាមេរិក ដើម្បីទទួលបានការអនុញ្ញាតស្នាក់នៅរយៈពេល ៥ឆ្នាំ និង ១០ឆ្នាំរៀងគ្នា។ ទឹកប្រាក់នេះអាចយកទៅទិញមូលបត្របំណុលរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ភាគហ៊ុនរបស់ក្រុមហ៊ុនសាធារណៈ ឬដាក់ជាប្រាក់បញ្ញើក៏បាន។
វិនិយោគិនសាជីវកម្មតម្រូវឱ្យវិនិយោគ ២៥លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំសម្រាប់តំណែងនាយក និងគណៈគ្រប់គ្រង។ ពួកគេត្រូវវិនិយោគ ៥០លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ឆ្នាំ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីភ្នាក់ងារអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រសិនបើការវិនិយោគនេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីថ្មី ដែលបច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅក្នុងព្រៃនៃកោះបូណេអូ ការវិនិយោគទឹកប្រាក់ ៥លានដុល្លារអាមេរិកនឹងផ្តល់ជូនវិនិយោគវិញនូវទិដ្ឋាការរយៈពេល ៥ឆ្នាំ និងទិដ្ឋាការរយៈពេល ១០ឆ្នាំសម្រាប់ការវិនិយោគ ១០លានដុល្លារអាមេរិក។
ប្រទេសមួយចំនួនផ្តល់គម្រោងទិដ្ឋាការវិនិយោគស្រដៀងគ្នានេះ ប៉ុន្តែប្រទេសមួយចំនួនទៀតរួមទាំងកាណាដា អង់គ្លេស និងសិង្ហបុរី បានលុបចោលគម្រោងបែបនេះដោយសាររដ្ឋាភិបាលរបស់ប្រទេសទាំងនោះបានសន្និដ្ឋានថា ការវិនិយោគទាំងនោះមិនបានបង្កើតការងារទេ ហើយអាចប្រើប្រាស់ជាមធ្យោបាយដើម្បីគ្រាន់តែរក្សាទុកលុយនៅក្រៅប្រទេសរបស់ពួកគេតែប៉ុណ្ណោះ។
លោកប្រធានាធីបតី វីដូដូ បាននិយាយថា ទិដ្ឋាការនេះមានបំណងទាក់ទាញ «អ្នកធ្វើដំណើរដែលមានគុណភាពល្អ»។ លោកបានថ្លែងថា៖ «យើងកំពុងដាក់ដំណើរការគម្រោងទិដ្ឋាការមាស ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ជនបរទេសក្នុងការវិនិយោគ និងចូលរួមចំណែកក្នុងប្រទេសឥណ្ឌូណេស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕