(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបង្ហាញពីលទ្ធផលផ្លែផ្លាជាច្រើនដែលកម្ពុជាទទួលបានពីកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ពោលគឺកិច្ចសហប្រតិបត្តិការនេះរៀបចំឡើង ដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។
បណ្ឌិត ឆេង គឹមឡុង លើកឡើងបែបនេះ ធ្វើឡើង នៅក្នុងកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានពន្យល់ថា គោលបំណងនៃការចាប់ផ្តើមបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ដែលប្រមុខដឹកនាំនៃប្រទេសទាំងបី បានយល់ស្របព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៩ គឺដើម្បីសហការគ្នាក្នុងការអភិវឌ្ឍតំបន់នោះឱ្យកាន់តែប្រសើរឡើង ដោយសារតែតំបន់នោះគឺជាតំបន់ដាច់ស្រយ៉ាល។ ហើយការអភិវឌ្ឍនេះ បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឱ្យមានភាពប្រទាក់ក្រឡាគ្នានៅក្នុងបណ្តាខេត្តជាប់ព្រំដែនទាំងអស់នោះ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន ដល់ការធ្វើដំណើរ ដល់ការប្រាស្រ័យទាក់ទងគ្នា ដល់ការជំរុញពាណិជ្ជកម្មឆ្លងដែនជាដើម។ ម្យ៉ាងទៀត គឺជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ព្រោះទាល់តែមានសន្តិសុខ សុវត្ថិភាពជូនប្រជាជន ទើបប្រជាជននៅតំបន់នោះមានការរីកចម្រើន និងមករស់នៅកុះករ។ លើសពីនេះទៅទៀត គឺការពង្រឹងទៅលើផ្នែកសុខភាពសាធារណៈ ពាណិជ្ជកម្ម និងទេសចរណ៍។
លោកបន្តថា «យើងឃើញថាកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ក្នុងន័យធ្វើយ៉ាងណា កាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍន៍ពីព្រោះតំបន់នោះ គឺជាតំបន់ដែលធ្លាប់តែដាច់ស្រយ៉ាលជាងគេ ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតែអន់ថយជាងគេ ដូច្នេះហើយទស្សនវិស័យរបស់ថ្នាក់ដឹកនាំ ដែលតាមពិតទៅសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកផ្តួចផ្តើមគំនិតហើយមានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសឡាវ និងវៀតណាមសម័យនោះ ដែលបន្តនូវនិរន្តភាពដល់បច្ចុប្បន្ន ហើយខ្ញុំគិតថាគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ នឹងបន្តក្លាយទៅជាយន្តការមួយដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
លោកបានលើកឡើងថា លទ្ធផលផ្លែផ្កាដែលកើតចេញមកពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ ដែលបង្ហាញជាក់ស្តែងឱ្យឃើញ គឺក្នុងសម័យកូវីដ១៩ អាជ្ញាធរដែនដីនៃបណ្តាខេត្តជាប់ព្រំដែនទាំងបីបានសហការគ្នាបានល្អជាងមុន ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ចំណែកកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនខុសច្បាប់និងការរត់ពន្ធទំនិញខុសច្បាប់ ក៏ត្រូវបានពង្រឹង ដែលជាការចូលរួមចំណែកដល់ការការពារសុខសុវត្ថិភាពរួមគ្នា។ ជាមួយគ្នានេះ ការជំរុញនូវផលិតកម្ម និងការផ្លាស់ប្តូរទំនិញផ្សេងៗ និងហេដ្ឋារចនាសម្ព័នតភ្ជាប់ ដឹកជញ្ជូន និងឡូជីស្ទិក ជាមួយនឹងប្រទេសវៀតណាម និងឡាវ ក៏មានការយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំខេត្តជាប់ព្រំដែន និងប្រមុខរាជរដ្ឋាភិបាល។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានរៀបចំកិច្ចប្រជុំកំពូលដំបូងនៅឆ្នាំ១៩៩៩ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។ កិច្ចសហប្រតិបត្តិការនេះ មាន១៣ខេត្ត ក្នុងនោះកម្ពុជាមាន៤ខេត្ត គឺស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ, ចំណែកឡាវមាន៤ខេត្ត វៀតណាមមាន៥ខេត្ត។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់កាលពីពេលថ្មីៗនេះថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺមិនបានទាក់ទិនជាមួយនឹងការបញ្ចូល ដែនដីជាមួយគ្នានោះទេ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដែលគិតគូរពីបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិ ហើយភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីនិងការអភិវឌ្ឍន៍ក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម៕
សូមទស្សនាការពន្យល់ន្ថែមរបស់ បណ្ឌិត ឆេង គឹមឡុង៖
p style="text-align: center;">