(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងឲ្យដឹងថា កម្ពុជាមានច្បាប់វិនិយោគដ៏គួរឲ្យទាក់ទាញមួយ ដោយភ្ជាប់ជាមួយលក្ខខណ្ឌដ៏ល្អ សម្រាប់អ្នកវិនិយោគ មិនថាវិនិយោគិនបរទេស ឬវិនិយោគិនក្នុងស្រុក។
ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ»។
លោកបានថ្លែងថា «ច្បាប់វិនិយោគរបស់កម្ពុជា ហាក់ដូចជាល្អប្រសើរជាង ទោះបីជាមានការលើកឡើងថា ប្រទេសវៀតណាម បង្កលក្ខខណៈងាយស្រួល ដល់ការវិនិយោគក៏ពិតមែន ប៉ុន្ដែជាទូទៅច្បាប់វិនិយោគរបស់កម្ពុជា មានភាពទាក់ទាញជាង»។
លោកបានបន្ដថា សេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទីផ្សារសេរី ចំណែកវៀតណាមក៏មានទីផ្សារសេរីច្រើនដែរ ប៉ុន្ដែមិនមែនទាំងស្រុងនោះឡើយ តែនិយាយចំពោះកម្ពុជា បានបើកសេរីទាំងអស់ ពិសេសលើការវិនិយោគបណ្ដាក់ទុន គឺម្ចាស់គម្រោងមានសិទ្ធិពេញលេញ ១០០ភាគរយ។
លោកបានបន្ដថា កត្តាមួយទៀត ដែលល្អប្រសើរលើច្បាប់វិនិយោគនោះ គឺកម្ពុជាមិនដាក់កំហិតលើ ទឹកប្រាក់ចំណេញ ឬមូលធនវិនិយោគ ដែលវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា អាចបញ្ជូនទឹកប្រាក់, ប្រាក់ចំណេញ និងមូលធនវិនិយោគដើមរបស់ខ្លួនបាន ១០០ភាគរយ ដោយមិនកំណត់ ប៉ុន្ដែនិយាយចំពោះប្រទេសមួយចំនួន គឺមានកំណត់។ ទាំងនេះជាចំណុចទាកទាញរបស់កម្ពុជា អ្វីដែលយើងធ្វើ គឺពង្រឹងសមត្ថភាព កម្លាំងពលកម្ម យើងពង្រីកនូវទំហំនៃកម្លាំងពលកម្ម ផ្ដល់ឱកាសក្នុងការចាប់យកចំណេះជំនាញថ្មីៗ ព្រមទាំងជំនាញផលិតផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត ឆេង គឹមឡុង៖