(ភ្នំពេញ)៖ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដោយសារការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
យោងតាមរបាយការណ៍នេះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ បន្តរក្សាបានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២.៦% សម្រាប់វិស័យធនាគារ និង២៧.៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុន ខនស៊ើវេសិនត្រូវបានរក្សាក្នុងកម្រិត ១.២៥%។
យ៉ាងណានេះក្តីធនាគារជាតិ បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ឥណទានទៅកាន់វិស័យចម្បងៗ បានថមថយកំណើនមកត្រឹម ២.៦% ដែលមានទំហំទឹកប្រាក់ ២៣៨.១ ទ្រីលានរៀល ស្មើ ៥៨.៩ ប៊ីលានដុល្លារអាមេរិក ក្នុងពេលដែល ប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា១៣.៤% ដល់ទំហំទឹកប្រាក់ ២០៩.៩ ទ្រីលានរៀល ស្មើ ៥១.៩ ប៊ីលានដុល្លារអាមេរិក។
ចំណែកឯអនុបាតឥណទានមិនដំណើរការមានកម្រិត ៦.៨% ចំពោះវិស័យធនាគារ និង ៨.៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ប៉ុន្តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។
ធនាគារជាតិបានបញ្ជាក់ថា «ការរក្សាស្ថិរភាពនៃប្រព័ន្ធធនាគារទាំងមូល ត្រូវបានបន្តយកចិត្តទុកដាក់អនុវត្តដោយបុរេសកម្ម តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូ ប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ ដើម្បីពង្រឹងភាពធន់របស់ គ្រឹះស្ថាននីមួយៗ ជាមួយនឹងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃដើមទុននិងសន្ទនីយភាព។ ទន្ទឹមនេះ បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានបន្តលើកកម្ពស់ជាលំដាប់ ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជននៅ ក្នុងប្រព័ន្ធធនាគារបានកើនដល់ ២១.៣ លានគណនី និងគណនីឥណទានអតិថិជនកើនដល់ ៤លានគណនី»។
ការអភិវឌ្ឍនិងការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវានុវត្តន៍ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ឌីជីថល ព្រមទាំងបានជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ការទូទាត់សរុបទាំងជាប្រាក់រៀលនិងដុល្លារអាមេរិកតាមប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ កន្លោង បានកើនឡើង៣៤% ដល់ ២២២.៩ ទ្រីលានរៀល (៥៤.៧ប៊ីលានដុល្លារអាមេរិក) និងចំនួន ប្រតិបត្តិការសរុបបានកើនឡើង ៤៦.៩% ដល់ ១៧៥.៣លានប្រតិបត្តិការ ហើយអតិថិជនដែលមាន គណនីធនាគារឬអ៊ីរ៉ាឡេត និងអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធបាគង មានចំនួនប្រមាណ ៣០លានគណនី។
ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្ទេរប្រាក់ឆ្លងដែនឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការ គម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូសហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេ ជាដើម៕