(សិង្ហបុរី)៖ ជើងហោះហើរមួយចំនួនរវាងគោលដៅទេសចរណ៍សំខាន់ៗនៅតំបន់អាស៊ី និងប្រទេសសិង្ហបុរីត្រូវបានលុបចោល ខណៈដែលព្យុះទីហ្វុងហ្គែមី (Gaemi) បានបោកបក់កាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនមុនពេលវាយប្រហារភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។
កាសែត VnExpress បានរាយការណ៍ថា ជើងហោះហើរចំនួនពីររបស់ក្រុមហ៊ុន Xiamen Airlines រវាងប្រទេសសិង្ហបុរី និងទីក្រុងហ្វ៊ូចូវរបស់ប្រទេសចិនត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលព្យុះទីហ្វុងបានបោកបក់នៅក្នុងខេត្តហ៊្វូជៀន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។
ទីក្រុងហ៊្វូចូវ ដែលជារដ្ឋធានីរបស់ខេត្តហ៊្វូជៀនស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ក៏បានផ្អាកសេវាកម្មរថភ្លើងចាប់ពីថ្ងៃព្រហស្បតិ៍ផងដែរ។
ជើងហោះហើរចំនួនបីរវាងប្រទេសសិង្ហបុរី និងទីក្រុងតៃប៉ិត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្យុះទីហ្វុងបោកបក់ឆ្លងកាត់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួស។
ទោះបីជាព្យុះទីហ្វុងមិនបានឆ្លងកាត់ប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែវាបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងធ្វើឱ្យចរាចរណ៍ជាប់គាំង។
ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific ដែលផ្តល់សេវាហោះហើរតម្លៃទាបរបស់ប្រទេសហ្វីលីពីនបានលុបចោលជើងហោះហើររវាងទីក្រុងម៉ានីល និងប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមគេហទំព័ររបស់អាកាសយានដ្ឋាន Changi បានបង្ហាញថា ជើងហោះហើររាប់សិបដែលគ្រោងនឹងចាកចេញពីសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រក៏ត្រូវបានពន្យារពេលផងដែរ។ នេះបើយោងតាមកាសែត VnExpress៕