(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានពន្យារពេលប្រហែលមួយសប្តាហ៍ក្នុងការសម្រេចចិត្តថាតើត្រូវដំឡើងប្រទេសវៀតណាមទៅជាប្រទេសមានឋានៈសេដ្ឋកិច្ចទីផ្សារឬយ៉ាងណា ដោយសារការរំខានផ្នែកព័ត៌មានវិទ្យាពីបញ្ហាកម្មវិធីរបស់ក្រុមហ៊ុន CrowdStrike។ នេះបើយោងតាមកាសែត Vietnam News។
កាសែត Vietnam News បានរាយការណ៍ថា ការកំណត់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមដែលអាចជំរុញការនាំចេញរបស់ប្រទេសនេះ ត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃទី២ ខែសីហា ដោយផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធដើម្បីត្រៀមខ្លួនសម្រាប់ការដំឡើងឋានៈនេះ។
ការដំឡើងឋានៈទីផ្សារនេះ ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនលក់រាយ និងក្រុមធុរកិច្ច នឹងជួយឱ្យមានការកាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃដែលបានដាក់លើទំនិញនាំចូលពីប្រទេសវៀតណាម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់អនុស្សរណៈរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដែលចុះកាលបរិច្ឆេទកាលពីថ្ងៃពុធថា៖ «នៅក្នុងពេលដែលកំពុងកើតមានការរំខានដល់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបង្កឡើងដោយបញ្ហាបច្ចេកវិទ្យា IT និងវេទិកានានា កាលបរិច្ឆេទសម្រាប់ការសម្រេចចិត្តចុងក្រោយនៅក្នុងករណីប្រឆាំងការលក់បង្ខូចថ្លៃនឹងត្រូវបានពន្យារពេលសរុបចំនួនប្រាំមួយថ្ងៃ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងថា៖ សំណុំរឿងពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងនឹងឧបត្ថម្ភធន «ក្នុងចំនួនតិចតួច» ត្រូវបានរំខានដោយកំហុសអាប់ដេតកម្មវិធីថ្មីៗរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike ដែលបានបណ្តាលឱ្យគាំងប្រព័ន្ធកុំព្យូទ័រនៅទូទាំងពិភពលោក។
បច្ចុប្បន្ននេះ វៀតណាមត្រូវបានចាត់ថ្នាក់ជាសេដ្ឋកិច្ចមិនទីផ្សារ ដោយសារការគ្រប់ដណ្តប់ឥទ្ធិពលរបស់រដ្ឋាភិបាលទៅលើទីផ្សារ៕