(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចពាណិជ្ជកម្ម នៅខេត្ដកោះកុង ចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគ ក្នុងវិស័យអាទិភាពនានា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទស្សនកិច្ចពាណិជ្ជកម្ម ខេត្ដកោះកុង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ មានគោលបំណងសំខាន់ ក្នុងស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគ ក្នុងវិស័យអាទិភាពនានា ក្នុងខេត្តកោះកុងផ្ទាល់។
ឧកញ៉ា លឹម សុជាតិ បានបន្ថែមទៀតថា តាមរយៈទស្សនកិច្ចពាណិជ្ជកម្ម នៅខេត្ដកោះកុងនេះ សភាពាណិជ្ជកម្មកម្ពុជា សង្ឃឹមថា ប្រតិភូដែលអញ្ជើញចូលរួម នឹងទទួលបានបទពិសោធន៍ថ្មីៗ ពីដំណើរការ នៃការគ្រប់គ្រងសង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្ម នាពេលអនាគត តាមសក្ដានុពលខេត្តកោះកុង។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ទស្សនកិច្ចពាណិជ្ជកម្ម នៅខេត្ដកោះកុងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ចុះទៅកន្លែងទស្សនកិច្ចសំខាន់ៗ រួមមាន៖
ទី១៖ ទស្សនកិច្ច កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស
ទី២៖ ទស្សនកិច្ច អាកាសយានដ្ឋាន ខេត្តកោះកុង
ទី៣៖ ក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group)
ទី៤៖ ក្រុមហ៊ុន Diamond Bay Tianjin
ទី៥៖ ក្រុមហ៊ុនសហគ្រាសផលិតទឹកត្រីកោះកុង
ទី៦៖ សហគ្រាសផលិត-កែច្នៃ គ្រឿងសមុទ្រ
ទី៧៖ សហគ្រាស លក់រាយ និងបោះដុំ គ្រឿងសមុទ្រ។
លើសពីនោះទៀត ឧកញ៉ា ងួន ម៉េងតិច បានបញ្ជាក់ថា ទស្សនកិច្ចពាណិជ្ជកម្មនេះ សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូ ក៏មានជំនួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង ព្រមទាំងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំខេត្ត និងសភាពាណិជ្ជកម្ម ខេត្តកោះកុង ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែសីហា ខាងមុខ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលផ្តួចផ្តើមគំនិតដ៏មានសារៈសំខាន់។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រីកការទំនាក់ទំនង អាជីវកម្ម ដើម្បីជំរុញ សេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា។
សូមរំលឹកផងដែរថា សម្រាប់ឆ្នាំ២០២៤ កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បានរៀបចំម្តងរួចមកហើយ កាលពីខែកុម្ភៈដើមឆ្នាំកន្លងទៅថ្មីៗនេះ ដែលពេលនោះ មានប្រតិភូចូលរួមសរុបចំនួន២២រូប ដែលក្នុងនោះ មាន១០រូប ជាពាណិជ្ជករថៃ។
ជាលទ្ធផល ក្រោយកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម បានបញ្ចប់ មានផលិតផលខ្មែរចំនួន៣សហគ្រាស បានដាក់ចូលក្នុងម៉ាត 7-Eleven និងមានការដោះដូរពាណិជ្ជកម្ម រវាងគណៈប្រតិភូ និងពាណិជ្ជករខេត្តបាត់ដំបង ជាបន្តបន្ទាប់៕