(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។
ជាមួយគ្នានេះ សម្តេចក៏បានឆ្លើយតប ចំពោះចម្ងល់របស់បងប្អូនដែលនិយាយថា ហេតុអ្វីបានជាមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? សម្តេចបញ្ជាក់ថា អនុវត្តនូវគោលការណ៍ថ្មីនេះ ត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ព្រោះតែការទទួលយកក្រដាសប្រាក់ដុល្លាររហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ត្រូវយកទៅដូរយកក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលត្រូវការចំណាយថវិកាច្រើន។
ជាមួយវីដេអូដែលលើកឡើងពីអារម្មណ៍របស់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ, សម្តេចធិបតី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។
មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?
ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។
ហេតុដូច្នេះការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំសាកល្បង (pilot) ដើម្បីធនាគារជាតិ អាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះ នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ»៕