(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងវិស័យឯកជន រួមគ្នាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ទំនិញ និងការចាយវាយប្រចាំថ្ងៃ ដើម្បីចូលរួមលើកតម្កើងប្រាក់រៀលជាតិ សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈការប្រើប្រាស់ប្រាក់រៀលមានប្រមាណតែ ២០%ប៉ុណ្ណោះ ហើយការប្រើប្រាស់ក្រដាសប្រាក់ដុល្លារ នៅមានចំនួនច្រើន នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកស្នើឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ បើកប្រាក់ខែជាលុយរៀល ដើម្បីជំរុញ និងលើកទឹកដល់ពួកគេឱ្យប្រើប្រាស់ប្រាក់រៀល។ ម្យ៉ាងទៀត ប្រសិនបើការបើកខែជាលុយដុល្លារប៉ះចំក្រដាសប្រាក់ ប្រឡាក់ ទក់ រហែក នឹងធ្វើឱ្យបុគ្គលិក កម្មករនិយោជិត រងការខាតបង់ ព្រោះនៅពេលទៅដូរនឹងត្រូវបានកាត់ទឹក ដែលធ្វើឱ្យកម្លាំងពលកម្មរបស់ពួកគេត្រូវបានខាតបង់។
ទន្ទឹមគ្នានេះ លោកសំណូមពរដល់អាជីវកម្ម ដែលទូទាត់ទំនិញក្រោម១០០ដុល្លារ គួរតែទទួលតែប្រាក់រៀលបានហើយ។
លោកសង្កេតឃើញថា ស្របពេលដែលប្រាក់រៀល ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ បច្ចុប្បន្ននេះការប្រើប្រាស់ប្រាក់ដុល្លារហាក់មានការថយចុះ ជាពិសេសក្រដាសប្រាក់ចំនួនចាប់ពី ១០ដុល្លារចុះក្រោម ដែលស្ទើរតែមិនសូវមានចរាចរណ៍ច្រើនដូចមុនទៀតឡើយ។
លោកបន្តថា «ខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគតការទូទាត់ប្រាក់រៀលនឹងកាន់តែច្រើន។ ហើយបើសិនជារោងចក្រសហគ្រាសនៅកម្ពុជា បើកប្រាក់ខែជាប្រាក់រៀល កំណើននៃប្រើប្រាស់ប្រាក់នឹងស្ទុះកើនឡើងខ្លាំងលើស ៣០%»។
បើតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា ដែលធ្វើឡើងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៧ កន្លងមកបានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។
ចំណែកការចំណាយជាប្រចាំវិញ យោងតាមការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និង UNDP ក្នុងឆ្នាំ២០២៣ គឺការចំណាយជាប្រចាំថ្ងៃរបស់កម្មករនិយោជិត នៅរោងចក្រ រួមមាន៖ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាប្រាក់រៀល សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត គឺមានចំនួន ៩២ ភាគរយ និងអ្នករស់នៅទីក្រុងមានចំនួន ៨២ ភាគរយ, ដូចនេះប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ប្រាក់ រៀលតែមួយនោះ គឺអាចជួយដល់ការដោះដូរ ឲ្យមានភាពឆាប់រហ័ស និងងាយស្រួល៕