(ហ្សាការតា)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចរបស់ខ្លួន អាចថមថយបន្តិចមកនៅត្រឹម ៥ភាគរយនៅក្នុងត្រីមាសទី២ ហើយអាជ្ញាធរកំពុងតាមដានការអភិវឌ្ឍផ្នែកភូមិសាស្ត្រនយោបាយ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សម្ដីរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីអ្នកស្រី Sri Mulyani Indrawati ខណៈថ្លែងថា ការប្រើប្រាស់គ្រួសារ ការវិនិយោគ និងភាពប្រសើរឡើងនៃការនាំចេញទំនងជាជំរុញឱ្យមានកំណើន នៅក្នុងត្រីមាសដែលគិតចាប់ពីខែមេសាដល់ខែមិថុនា។ តួលេខនេះនឹងបង្ហាញពីការថមថយបន្តិចបន្តួចពីកំណើនប្រចាំឆ្នាំ ៥,១១ភាគរយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានសម្រេចបានក្នុងត្រីមាសទី១។
អ្នកស្រីបានមានប្រសាសន៍ថា៖ «នៅពេលខាងមុខ យើងឃើញថា ការកើនឡើងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នឹងបន្តកើតមានរហូតដល់ដំណាច់ឆ្នាំ២០២៤។ សម្រាប់ផ្នែកសារពើពន្ធ ការអនុវត្តថវិកាឆ្នាំ២០២៤ ជាពិសេសលើផ្នែកចំណាយ នឹងត្រូវផ្តោតលើការរក្សាស្ថិរភាពថ្លៃ»។
អ្នកស្រីបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានរំពឹងថានឹងស្ថិតក្នុងចន្លោះពី ៥ភាគរយទៅ ៥,២ភាគរយ។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយមន្ត្រីផ្សេងទៀត អ្នកស្រី Sri Mulyani បាននិយាយថា អាជ្ញាធរហិរញ្ញវត្ថុបានពិភាក្សាអំពីការវិវឌ្ឍផ្នែកភូមិសាស្ត្រនយោបាយ ដើម្បីពិនិត្យមើលលើហានិភ័យនានា ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងភាពតានតឹងនៅមជ្ឈិមបូព៌ា សង្រ្គាមនៅអ៊ុយក្រែន និងការបោះឆ្នោតនៅក្នុងប្រទេសផ្សេងទៀត។
អ្នកស្រីបាននិយាយថា ហានិភ័យទាំងនេះក៏ដូចជាភាពមិនច្បាស់លាស់ ជាសាកលទាក់ទងនឹងពេលវេលានៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ របស់សហរដ្ឋអាមេរិក ផែនការបំណុលរបស់ទីក្រុងវ៉ាស៊ីនតោន និងការប្រែប្រួលទិន្នផលប័ណ្ណបំណុលរបស់ក្រសួងរតនាគារអាមេរិក នឹងកំណត់លំហូរមូលធនទៅកាន់ទីផ្សារដែលកំពុងស្ទុះងើបខ្លាំង រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕