(បាងកក)៖ ប្រទេសថៃកំពុងជំរុញផែនការ ធ្វើឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់ ខណៈប្រទេសនេះព្យាយាមប្រឹងប្រែងក្លាយខ្លួន ជាមណ្ឌលទេសចរណ៍ដ៏ទាក់ទាញ និងទាក់ទាញការវិនិយោគ និងពន្ធពីបរទេសក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា សេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យកាស៊ីណូ ដែលមានអាជ្ញាប័ណ្ណដំបូងរយៈពេល ៣០ឆ្នាំ ត្រូវបានក្រុមប្រឹក្សារដ្ឋ ដែលជាទីភ្នាក់ងារច្បាប់របស់រដ្ឋាភិបាលចេញផ្សាយ ដើម្បីទទួលមតិសាធារណៈរហូតដល់ថ្ងៃទី១៨ ខែសីហា។ ប្រតិបត្តិករកាស៊ីណូនឹងមានជម្រើសបន្តអាជ្ញាប័ណ្ណរយៈពេល ១០ ឆ្នាំទៀត ក្រោយអស់សុពលភាពរយៈពេលដំបូង ហើយកាស៊ីណូអាចប្រតិបត្តិការ នៅតាមទីតាំងកម្សាន្តកម្សាន្តធំៗ រួមជាមួយនឹងសណ្ឋាគារ មជ្ឈមណ្ឌលសន្និបាត និងសួនកម្សាន្តជាដើម។
ប្រទេសថៃក៏ដូចជាប្រទេសអាមីរ៉ាតអារ៉ាប់រួម និងជប៉ុន កំពុងប្រកួតប្រជែងដំណ្តើម ចំណែកទីផ្សារឧស្សាហកម្មកាស៊ីណូពិភពលោក ដែលក្រុមហ៊ុន IBIS World បានប៉ាន់ប្រមាណថា អាចរកចំណូលបាន ២៦៣ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប្រតិបត្តិករកាស៊ីណូ Galaxy Entertainment Group Ltd និងប្រតិបត្តិករ MGM Resorts International បាននិងកំពុងសិក្សាពីសក្តានុពលនៃការបើករមណីយដ្ឋានកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រថៃ ដើម្បីបង្ការទៅនឹងការរំពឹងទុក ដែលមិនច្បាស់លាស់នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។ ក្រុមហ៊ុន Las Vegas Sands Corp បានឱ្យដឹងកាលពីខែមុនថា ខ្លួនចាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្មកាស៊ីណូទៅកាន់ប្រទេសថៃ ប្រសិនបើ «ច្បាប់អនុញ្ញាត» ។
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ដែលកាន់អំណាចតិចជាងមួយឆ្នាំមុន បាននិងកំពុងជំរុញគោលនយោបាយ ទាក់ទាញការវិនិយោគពីបរទេស និងគាំទ្រផែនការធ្វើឱ្យកាស៊ីណូ ក្លាយជាអាជីវកម្មស្របច្បាប់ ដើម្បីដាក់ឱ្យមកស្ថិតក្រោមការត្រួតពិនិត្យកាន់តែប្រសើរឡើង ដើម្បីប្រមូលពន្ធឱ្យបានត្រឹមត្រូវ។
សភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០នាក់របស់ប្រទេសថៃ បានគាំទ្ររួចហើយ ចំពោះការសិក្សាមួយ ដែលធ្វើឡើងដោយសមាជិកសភាមួយក្រុម ដែលគាំទ្រឱ្យមានការបង្កើតកាស៊ីណូ ស្របច្បាប់នៅក្នុងកន្លែងកម្សាន្តធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់។ ការសិក្សាបានរកឃើញថា ប្រទេសថៃអាចបង្កើនចំណូលពីទេសចរណ៍បានប្រហែល ១២ពាន់លានបាតពីការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ និងពីការស្នាក់នៅក្នុងបរិវេណមណ្ឌលកម្សាន្តធំៗ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕