(បាងកក)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រួម ទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានឱ្យដឹងថា ការហូរចូលផលិតផលឧស្សាហកម្មរបស់ចិន ទៅកាន់ប្រទេសថៃ កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយកាត់បន្ថយចំណែកទីផ្សាររបស់ខ្លួនក្នុងតំបន់ និងនាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន កើនឡើងជិតដល់ ២០ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ការហូរចូលទំនិញចិន តាមក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណែត Temu របស់ចិន ទៅក្នុងប្រទេសថៃត្រូវបានរំពឹងថា នឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដែលបណ្តាលឱ្យសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលជាសមាជិកសំខាន់គណៈកម្មាធិការ JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលដាក់ពន្ធបន្ថែម លើផលិតផលនាំចូលមួយចំនួន។
លោក Payong Srivanich ប្រធានសមាគមធនាគារថៃ ដែលបានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការ JSCCIB បាននិយាយកាលពីថ្ងៃពុធថា៖ «ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការថ្មី ដើម្បីការពារប្រទេសថៃឱ្យកាន់តែប្រសើរឡើង ប្រឆាំងនឹងផលិតផលរបស់ចិននោះ ក្រុមហ៊ុនជាច្រើនទៀតទំនងជានឹងបិទទ្វា»។
ចាប់ពីខែមករាដល់ខែមិថុនា ការនាំចូលផលិតផលរបស់ចិនបានកើនឡើង ៧,១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃ ៣៧,៥ពាន់លានដុល្លារ ដែលនាំឱ្យមានឱនភាពពាណិជ្ជកម្ម ១៩,៩ពាន់លានដុល្លារ កើនឡើង ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំណែកទីផ្សារនៃគ្រឿងអគ្គិសនីថៃ បានធ្លាក់ចុះមកនៅត្រឹម ១១,៥% នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ធ្លាក់ចុះពី ១២,៧% ធៀបនឹងឆ្នាំមុន ខណៈដែលចំណែកទីផ្សាររថយន្ត ដែលផលិតនៅប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម ១៨,៧% សម្រាប់រយៈពេលនេះ ធៀបនឹង ២០,៩% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Payong បានឱ្យដឹងទៀតថា ទាំងនេះគឺជាកត្តាសំខាន់ដែលបណ្តាលឱ្យវិស័យផលិតកម្មថៃធ្លាក់ចុះ ១,៨% នៅក្នុងឆមាសទីមួយឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន។
ស្ថានភាពនេះបានប៉ះពាល់ដល់ឧស្សាហកម្មចំនួន២៣ នៅក្នុងប្រទេសថៃ ដែលប្រឈមនឹងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីការមានវត្តមានក្រុមហ៊ុន Temu ដែលលក់ផលិតផលតម្លៃទាប ដោយផ្ទាល់ពីរោងចក្រទៅឱ្យអតិថិជន។ លោកបន្តថា សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទទួលរងផលប៉ះពាល់ អវិជ្ជមានខ្លាំងបំផុត។
លោក Kriengkrai Thiennukul ប្រធានសមាគមន FTI បាននិយាយថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ រោងចក្រចំនួន៦៦៧ បានបិទទ្វារ កើនឡើង ៨៦,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានបន្តថា៖ «ជាមធ្យមមានរោងចក្រចំនួន១១១ បិទទ្វារក្នុងមួយខែ»។
លោក Kriengkrai បានមានប្រសាសន៍ថា ដោយផ្អែកលើច្បាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន រដ្ឋាភិបាលថៃត្រូវតែពិចារណា លើការអនុវត្តពន្ធលើផលិតផលមួយចំនួន ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក ឱ្យកាន់តែប្រសើរឡើង។
លោកបានបន្តថា៖ «យើងមានការព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងជាបន្ត របស់រដ្ឋក្នុងការបន្ថយការនាំចូលផលិតផលពីប្រទេសចិន នឹងមិនគ្រប់គ្រាន់ក្នុងការការពារអាជីវកម្មថៃទេ»៕