(បាងកក)៖ នាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនទៅប្រទេសទី៣ របស់ប្រទេសថៃ ក្នុងឆមាសទីមួយឆ្នាំនេះ បានកើនឡើងដល់ ៩១២ពាន់លានបាត (ប្រហែល ២៥.៩ពាន់លានដុល្លារ) កើនឡើង ៣.៦%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈនិយាយថា ពាណិជ្ជកម្មព្រំដែន និងឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសទី៣ ក្នុងខែមិថុនា មានតម្លៃ ១៦២ពាន់លានបាត (ប្រហែល ៤.៦ពាន់លានដុល្លារ) កើនឡើង ៧.០៥%។ ការនាំចេញមានចំនួន ៩៦ពាន់លានបាត ធ្លាក់ចុះ ០.៨៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលមានចំនួន ៦៥ពាន់លានបាត កើនឡើង ២១.៣% ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៣១ពាន់លានបាត។
នៅឆមាសទី១ ឆ្នាំនេះ ការនាំចេញមានចំនួន ៥៣៤ពាន់លានបាត កើនឡើង ៣.១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលមានចំនួន ៣៧៨ពាន់លាន កើនឡើង ៤.៣% ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្ម ១៥៦ពាន់លានបាត។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងចំនួនបួនបានកើនឡើងដល់ ៤៩៣ពាន់លានបាត កើនឡើង ២.៦% ។ ការនាំចេញមានចំនួន ៣០៥ពាន់លានបាត កើនឡើង ១.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានធ្លាក់ចុះ ៤.៦% មកនៅត្រឹមចំនួន ១៨៨ ពាន់លានបាត ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ១១៧ពាន់លានបាត។
បើគិតពីតម្លៃវិញ ប្រទេសឡាវបានកត់ត្រាតម្លៃខ្ពស់បំផុតសម្រាប់ពាណិជ្ជកម្មតាមព្រំដែនដែលមានចំនួន ១៥០ពាន់លានបាត បន្ទាប់មកម៉ាឡេស៊ីមាន ១៤៩ពាន់លានបាត មីយ៉ាន់ម៉ា ១០៧ពាន់លានបាត និងកម្ពុជា ៨៨ ពាន់លានបាត។ ផលិតផលពាណិជ្ជកម្មតាមព្រំដែនសំខាន់ៗរួមមានប្រេងម៉ាស៊ូត (២៣ពាន់លានបាត) ប្រេងចម្រាញ់ (១០ពាន់លាន) និងជ័រ (៨ពាន់លានបាត)។
ប្រទេសចិនកត់ត្រាតម្លៃខ្ពស់បំផុតសម្រាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដែលមានចំនួន ២៤៤ពាន់លានបាត កើនឡើង ១៤.៣% បន្ទាប់មកគឺសិង្ហបុរី ៥៣ពាន់លានបាត (-១០.៣%) និងវៀតណាម ៣៦ពាន់លានបាត (-៦.៦%)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕