(ក្រុងឡុងដ៍)៖ អង្គការ OPEC កាលពីថ្ងៃចន្ទ បានកាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយលើកឡើងពីការរំពឹងទុកកាន់តែទាប សម្រាប់ប្រទេសចិន ហើយការកាត់បន្ថយការព្យាករនេះ បង្ហាញពីភាពលំបាកសម្រាប់អង្គការនេះ រួមជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលហៅថាអង្គការ OPEC + ក្នុងការបង្កើនផលិតកម្មប្រេងចាប់ពីខែតុលា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការទម្លាក់ការព្យាករនេះ គឺជាការទម្លាក់លើកដំបូង សម្រាប់ឆ្នាំ២០២៤ របស់អង្គការ OPEC គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក ហើយកើតមានឡើងបន្ទាប់ពីមានសញ្ញាកាន់តែខ្លាំងថា តម្រូវការប្រេងនៅក្នុងប្រទេសចិន បានធ្លាក់ចុះទាបជាងការរំពឹងទុក ដោយសារតែការថមថយការប្រើប្រាស់ប្រេងម៉ាស៊ូត និងខណៈពេលដែលវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ ដាក់បន្ទុកលើសេដ្ឋកិច្ច។
នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការប្រទេសនាំចេញប្រេង OPEC បានឱ្យដឹងថា តម្រូវការប្រេងពិភពលោកនឹងកើនឡើងចំនួន ២,១លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ ដែលធ្លាក់ចុះពីកំណើន ២,២៥លានបារ៉ែលដែលបានរំពឹងទុកកាលពីខែមុន។
អង្គការ OPEC បានឱ្យដឹងនៅក្នុងរបាយការណ៍នេះថា៖ «ការទម្លាក់ការព្យាករបន្តិចនេះឆ្លុះបញ្ចាំង ពីទិន្នន័យជាក់ស្តែង ដែលទទួលបានសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ និងក្នុងករណីខ្លះសម្រាប់ត្រីមាសទីពីរ ក៏ដូចជាការថយចុះការរំពឹងទុកសម្រាប់កំណើនតម្រូវការ ប្រេងរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤»។
នៅក្នុងរបាយការណ៍ដដែលនេះ អង្គការ OPEC ក៏បានកាត់បន្ថយការព្យាករកំណើនតម្រូវការប្រេង សម្រាប់ឆ្នាំក្រោយមកត្រឹម ១,៧៨លានបារ៉ែលក្នុងមួយថ្ងៃពីចំនួន ១,៨៥លានបារ៉ែលដែលបានព្យាករកាលពីមុនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕