(បាងកក)៖ វិទ្យាស្ថានប្រេងកាតថៃ កំពុងជំរុញឱ្យអាជ្ញាធរថាមពល និងអាជ្ញាធរកិច្ចការបរទេសរបស់ប្រទេសថៃ ពិភាក្សាជាមួយកម្ពុជា អំពីផលិតកម្មប្រេងរួមគ្នា នៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) ព្រោះថា មិនទាន់មានវឌ្ឍនភាពលើបញ្ហានេះនៅឡើយ ចាប់តាំងពីដើមឆ្នាំនេះមក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយកាណ៍ ដោយដកស្រង់ប្រភពពីវិមានរដ្ឋាភិបាលថៃ ដែលសុំមិនបញ្ចេញឈ្មោះថា បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក មិនទាន់មានសំណើសុំការពិភាក្សាបន្ថែមនៅឡើយទេ។
បន្ទាប់ពីដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលក្រុងបាងកក និងរដ្ឋាភិបាលក្រុងភ្នំពេញ បានយល់ព្រមបន្តការចរចាអំពីតំបន់ត្រួតស៊ីគ្នា OCA ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះ ត្រូវបានលើកឡើងក្នុងឆ្នាំ២០០១។
លោក Kurujit Nakornthap នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងកាតថៃ ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ប្រសិនបើប្រទេសថៃនិងកម្ពុជាធ្វើការរួមគ្នា ដើម្បីធានាឱ្យមានការចរចាប្រកបដោយជោគជ័យ ប្រទេសទាំងពីរនឹងទទួលបានប្រភពថាមពលថ្មីមួយ ដែលអាចផ្តល់សន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ។
តំបន់ត្រួតស៊ីគ្នា OCA ដែលត្រូវបានទាមទារដោយប្រទេសកម្ពុជានិងថៃ ទំនងជាប្រភពប្រេងថ្មីដោយសារតែទីតាំងនេះ នៅជិតប្លុកឧស្ម័ន Bongkot និង Erawan ក្នុងឈូងសមុទ្រថៃ នេះបើយោងតាមនាយកដ្ឋានឥន្ធនៈរ៉ែរបស់ប្រទេសថៃ។ លោក Kurujit ជឿជាក់ថា ការខ្វែងគំនិតគ្នាលើដែនសមុទ្ររវាងកម្ពុជា និងថៃអាចត្រូវបានដោះស្រាយតាមរយៈការចរចា។
កន្លងមក ប្រទេសថៃធ្លាប់មានជម្លោះទឹកដីស្រដៀងគ្នាជាមួយប្រទេសវៀតណាម។ លោកបាននិយាយថា បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងខែសីហា ឆ្នាំ១៩៩៧ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍផលិតកម្មឧស្ម័ន ក្នុងសមុទ្រប្រាំឆ្នាំក្រោយមក។
លោក Kurujit បានមានប្រសាសន៍ថា៖ «ជោគជ័យដូចគ្នាអាចកើតមានឡើង អាស្រ័យលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការជំរុញឱ្យមានការពិភាក្សាជាមួយប្រទេសកម្ពុជា»៕