(ប៉េកាំង)៖ វិស័យអាកាសចរណ៍របស់ប្រទេសចិន បានបង្ហាញការស្ទុះងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ជាមួយនឹងការធ្វើដំណើរក្នុងស្រុកកើន លើសពីកម្រិតមុនពេលមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា ខណៈពេលដែលផ្លូវហោះហើរអន្តរជាតិនៅតែមិនទាន់ល្អ ប្រទេសចិនរំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសរបស់ខ្លួន នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ។ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសចិនបានទទួលអ្នកដំណើរតាមផ្លូវអាកាសជិត ៣៥០លាននាក់នៅក្នុងឆមាសទីមួយឆ្នាំនេះ កើនឡើង ២៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

អ្នកស្រី Zoey Wang នាយកផ្នែកហេដ្ឋារចនាសម្ព័ន្ធសកល និងហិរញ្ញវត្ថុ គម្រោងនៅក្រុមហ៊ុន Fitch Ratings ក្នុងទីក្រុងហុងកុងបាននិយាយថា៖ «វិស័យអាកាសចរណ៍របស់ប្រទេសចិន បានជួបប្រទះនឹងការងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីមានជំងឺរាតត្បាត។ វិស័យនេះបានទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីតម្រូវការក្រោយអំឡុងពេលកើតមានជំងឺកូវីដ»។ អ្នកស្រីបានបន្ថែមថា អ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុកនៅក្នុងត្រីមាសទីពីរ បានកើនលើសពីតួលេខមុនពេលមានជំងឺរាតត្បាតចំនួន ១០ភាគរយ។

ទោះបីជាយ៉ាងណា ទាំងការធ្វើដំណើរចូលក្នុងប្រទេសនិងចេញក្រៅប្រទេស មិនទាន់បានវិលត្រលប់ពេញលេញ ទៅរកកម្រិតមុនពេលមានជំងឺរាតត្បាតនៅឡើយទេ ពោលគឺមានតែជាងប្រហែល ៨៥ភាគរយប៉ុណ្ណោះបើធៀបនឹងចរាចរណ៍ មុនពេលព្រំដែនពិភពលោកត្រូវបានបិទខ្ទប់ប្រហែលកាលពី ៤ឆ្នាំមុន។

ទោះបីជាចំនួនការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិ មានភាពយឺតយ៉ាវក៏ដោយ ក៏ក្រុមមន្ត្រីបាននិយាយថា ប្រទេសចិនអាចរំពឹងថានឹងមើលឃើញការធ្វើដំណើរ តាមអាកាសក្នុងកម្រិតខ្ពស់ថ្មីមួយនៅឆ្នាំនេះ ដោយឈានដល់ ៧០០លាននាក់ដោយសារតម្រូវការក្នុងស្រុកខ្លាំង។ នេះបើយោងតាមកាសែត Channel News Asia៕