(ភ្នំពេញ)៖ បើតាមមន្ត្រីក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប AEU លោក ផេង ចន្នា ឲ្យដឹងថា ទីលានថ្មីនេះនឹងបម្រើដល់ការងារជា ច្រើនរាប់ចាប់ពីការជួលដល់សាធារណជន រហូតដល់ការហ្វឹកហាត់របស់កីឡាករក្នុងក្លឹបថែមទៀតផង។
បន្ទាប់ពីការជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានជាថ្មី ក្រោយទឹកជន់លិចលង់អស់កាលពីឆ្នាំទៅ កីឡដ្ឋានអាស៊ីអឺរ៉ុប AEU Sports Park បានសាងសង់ទីលានបាល់ទាត់សិប្បនិមិត្តបន្ថែម ជាប្រភេទ ៣ in ១ ក្នុងបរិវេណកីឡដ្ឋាននោះ។
លោកថា «ទីលានថ្មីនេះ គឺទុកប្រើការបានច្រើនយ៉ាង គឺយើងផ្ដោតដំបូងគេលើការហ្វឹកហាត់របស់ឈុតធំ ពេលយើងត្រូវប្រកួតលើទីលានសិប្បនិមិត្ត។ បន្ទាប់មកយើងប្រើសម្រាប់យុវជន ឬក្រុមកីឡានិស្សិត AEU ដែលត្រូវការ គឺពួកគាត់អាចប្រើប្រាស់បាន។ ក្រៅពីនេះ អ្នកចូលចិត្តលេងកីឡាបាល់ទាត់ ឬប្រជាជនជុំវិញតំបន់ គាត់អាចជួលយើងលេង ដូចទីលានសិប្បនិមិត្តទូទៅដែរ»។
សូមបញ្ជាក់ផងដែរថា អាស៊ីអឺរ៉ុប បានចាប់ផ្ដើមសាងសង់ទីលានសិប្បនិមិត្តនេះនាពាក់កណ្ដាលខែមករាកន្លងទៅ ក្រោយបញ្ចប់ការសង្គ្រោះទីលានធំ ដែលរងគ្រោះលិចលង់ដោយទឹកជំនន់កាលពីពេលចុងរដូវកាលឆ្នាំ២០១៨៕