(ភ្នំពេញ)៖ ត្រឹមតែទឹកប្រាក់ចំនួន ១០០០៛ (មួយពាន់រៀល) របស់បងប្អូនខ្មែរ គឺមិនច្រើននោះទេ ក្នុងការចូលរួមបរិច្ចាក ដល់ក្រុមការងាររៀបចំកម្មវិធីសិល្បៈបុរាណខ្មែរ ដែលមានផេកផ្លូវការឈ្មោះថា «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០» ដែលរៀបចំឡើង ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។ ដោយក្នុងនោះ ទឹកប្រាក់ត្រឹមតែ ១០០០៛ របស់បងប្អូនរួចបញ្ចូលគ្នា គឺអាចបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ល្ខោនខោល ក្នុងកម្មវិធី «ទិវាបេតិកភណ្ឌលើកទី៥» ។
ជាការពិត ថ្មីៗនេះ ក្រុមការងាររបស់ផេក «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០» បានធ្វើការផលិតវីដេអូខ្លីមួយ ដោយមានខ្លឹមសារចង់ប្រកាសប្រាប់មហាជន ជាពិសេសគឺបងប្អូនខ្មែរ ឲ្យចូលរួមបរិច្ចាកទឹកប្រាក់ផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ល្ខោនខោល ក្នុងកម្មវិធីកម្មវិធី «ទិវាបេតិកភណ្ឌលើកទី៥»។
ក្នុងនោះ ផេក «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០» បានសរសេររៀបរាប់យ៉ាងដូច្នេះថា «អ្នកដឹងទេថាទឹកប្រាក់ត្រឹមតែ ១០០០ រៀលរបស់លោកអ្នក អាចធ្វើអ្វីបានខ្លះ? ជាការពិតណាស់ប្រាក់ត្រឹមតែ ១០០០ រៀលអាចធ្វើអ្វីបានជាច្រើន ដោយអ្នកអាចទិញទឹកអំពៅ ទិញម្ជូរ ទិញនំ និងទិញរបស់ផ្សេងៗទៀតបាន លើសពីនេះប្រាក់ ១០០០រៀលនោះក៏អាចជួយបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ល្ខោនខោលខ្មែរបានដែរ។ ទឹកប្រាក់ ១០០០រៀលរបស់អ្នក មានតម្លៃណាស់ ដោយវាបានចូលរួមចំណែកបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តល្ខោនខោលខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ធ្វើឡើងក្នុងគោលបំណងអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល, ខួប១៧ឆ្នាំនៃរបាំក្បាច់បុរាណខ្មែរ, ខួប១៥ឆ្នាំនៃល្ខោនស្រមោលស្បែកធំ និងខួប៤ឆ្នាំនៃចាប៉ីដងវែង ដែលត្រូវបានដាក់បញ្ចូលជាសម្បតិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការ UNESCO»។
ដូច្នេះចំពោះបងប្អូនដល់មានបំណងចង់រួមចំណែកឧបត្ថមទឹកប្រាក់ ដើម្បីបង្កើតព្រឹក្តិការណ៍ប្រវត្តិសាស្ត្ររបស់ល្ខោនខោល ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៨ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ អាចចូលរួមបរិច្ចាកតាមលទ្ធភាព ពោលគឺលើសពីចំនួនទឹកប្រាក់ ១០០០៛ ក៏បានដែរ តាមរយៈលេខ៖០៦៩ ៤៨ ១៦ ៤៩ / ០៧០ ៤៩ ១៦ ៤៨៕