(ភ្នំពេញ)៖ ស្របពេលលោក Conor Nestor កំពុងដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងលីគកំពូលកម្ពុជា ដោយមិនស្គាល់ពាក្យចាញ់ ក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានប្រកាសបន្ដកុងត្រាថ្មីរយៈពេល ២ឆ្នាំដល់គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះ ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គម នៅល្ងាចថ្ងៃសុក្រ ។
ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ឲ្យដឹងថាថា «ពួកយើងពិតជាមានក្តីសប្បាយរីករាយខ្លាំងមែនទែន នៅក្នុងការជម្រាបជូនជាផ្លូវការថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់យើង បានសម្រេចបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក Conor Nestor ដែលពួកយើងពិតជាចង់ឃើញលោក នៅបន្តដឹកនាំក្រុមក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត» ។
«ចំពោះអ្នកទាំងអស់គ្នា ដែលនៅក្នុងក្រុមព្រះខ័នរាជភ្នំពេញស្វាយរៀង ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ នៅក្នុងការបន្តដំណើររបស់ពួកយើងជាមួយនឹងលោកគ្រូ Conor ហើយពួកយើងសូមជូនពរឱ្យលោកកាន់តែធ្វើបានល្អប្រសើរបន្ថែមទៀត» ។ នេះបើតាមការបញ្ជាក់បន្ថែម ដោយក្លឹបព្រះខ័នរាជស្វាយរៀង ។
សូមបញ្ជាក់ថា លោក Conro Nestor បានចូលកាន់តំណែងគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ២រដូវកាលមកហើយ តែឆ្នាំ២០១៨ លោកដឹកនាំបានត្រឹមលេខ៦ ប៉ុណ្ណោះ ផ្ទុយពីឆ្នាំ២០១៩ ដែលបច្ចុប្បន្ន លោកកំពូងកាន់កំណត់ត្រាមិនស្គាល់ចាញ់ក្នុងដៃ ក្រោយដឹកនាំ ១៦ប្រកួតឈ្នះ១៣ និងស្មើ៣ រកបាន ៤២ពិន្ទុឈរកំពូលតារាង ។
ដោយសារកត្ដាខាងលើនេះហើយ ទើបធ្វើឲ្យក្លឹបព្រះខ័នរាជស្វាយរៀង ផ្ដល់សេចក្ដីទុកចិត្ត និងបន្ដកិច្ចសន្យា ២ឆ្នាំជាមួយលោក Conor Nestor៕