(ភ្នំពេញ)៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្រ្វិកខាងត្បូង Gopane Mothusi បានអះអាងថា ខ្លួនបានសម្របខ្លួនរស់នៅ និងការប្រកួតនៅកម្ពុជាហើយ បន្ទាប់ពីបានចូលរួមជាមួយក្លិបបឹងកេតអែហ្វស៊ី នៅដើមរដូវកាលថ្មី ឆ្នាំ២០២០។
Gopane បាននិយាយថា «ចំពោះការសម្របខ្លួនរស់នៅកម្ពុជា វាគឺល្អណាស់សម្រាប់ខ្ញុំ ក្នុងពេលនេះ ហើយមិនមានសម្ពាធអ្វីនោះទេ»។ ម្យ៉ាងក្នុងស្ថានភាពបច្ចុប្បន្នដែលកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ (COVID-19) ខ្លួនក៏បានសម្រប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះដែរ ដោយអនុវត្តតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជាដើម។ ម្យ៉ាងគេបានត្រៀមជានិច្ច ដើម្បីត្រៀមស្វាគមន៍ការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា។
Gopane បន្ដថា «ខ្ញុំគិតថា ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែត្រៀមខ្លួនជានិច្ច បើសិនជាអ្នកអាចរក្សាកម្លាំងបានល្អ និងហ្វឹកហាត់ខ្លាំង វាមិនងាយនាំឱ្យអ្នកឈឺនោះឡើយ ព្រោះរាងកាយគឺរឹងមាំគ្រប់គ្រាន់។ អញ្ចឹងហើយពេលដែលលីគត្រឡប់មកវិញ វានឹងងាយស្រួលក្នុងការសម្របកម្លាំងរបស់អ្នក។ ម្យ៉ាងវិញទៀត ពួកយើងតែងតែទទួលបាននូវលំហាត់ហ្វឹកហាត់ពីក្រុមគ្រូបង្វឹក ដែលខ្ញុំបានធ្វើវារាល់ថ្ងៃ ទាំងនៅកីឡដ្ឋានរបស់យើង និងវាលខ្សាច់នៅជិតនោះ ដើម្បីរត់បន្ថែមទៀត ដូច្នេះធ្វើឲ្យរាងកាយខ្ញុំមានតុល្យភាពល្អ»។
សូមបញ្ជាក់ថា Gopane Mothusi បានឈានជើងមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា នៅឆ្នាំ២០២០ ជាមួយក្លិបបឹងកេតអែហ្វស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Apisit Im-Amphai។ សម្រាប់ការប្រកួតកន្លងមក Gopane មានឱកាសបង្ហាញខ្លួន ៤ប្រកួតមកហើយ និងរកបាន ១គ្រាប់ទៀតផង អំឡុងពេលជួយបឹងកេត ឈ្នះវិសាខា ១-០ ដែលជួយឲ្យអតីតក្រុមជើងឯក ៣សម័យនេះ ឈរលេខរៀងទី៥ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ២ និងស្មើ២ រកបាន ៨ពិន្ទុ៕