(ជប៉ុន)៖ កីឡាការិនីបាញ់កាំភ្លើងលំដាប់ទី១ នៅលើពិភពលោក សញ្ជាតិអង់គ្លេស Amber Hill បានដកខ្លួន ចេញពីការប្រកួតនៅព្រឹត្តិការណ៍ Tokyo Olympics នាថ្ងៃពុធនេះ បន្ទាប់ពីនាងទទួលបាន លទ្ធផលវិជ្ជមានជំងឺ COVID-19 មុនពេលចេញដំណើរ, នេះបើតាមការបញ្ជាក់ពីក្រុមកីឡាបាញ់កាំភ្លើង របស់អង់គ្លេស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

Hill, ដែលគ្រោងនឹងចូលរួមប្រកួតកីឡាបាញ់កាំភ្លើង នៅព្រឹត្តិការណ៍ Olympic នោះ, បានលើកឡើងថា នាងមានការតក់ស្លុតយ៉ាងខ្លាំង។ «វាមិនមានពាក្យអ្វី ដើម្បីបកស្រាយនោះទេ ពីអារម្មណ៍ខ្ញុំនាពេលនេះ», នេះបើតាមសម្តីកីឡាការិនីវ័យ២៣ឆ្នាំ ដែលបានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅឯព្រឹត្តិការណ៍ 2016 Rio de Janeiro Games បានលើកឡើង។

«បន្ទាប់ពី៥ឆ្នាំ នៃការហ្វឹកហាត់ និងត្រៀមខ្លួន, ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ក្នុងការប្រាប់ថា កាលពីយប់មិញ ខ្ញុំទទួលបានលទ្ធផលវិជ្ជមាន COVID-19, មានន័យថា ខ្ញុំត្រូវដកខ្លួន ចេញពីក្រុមកីឡាបាញ់កាំភ្លើងរបស់អង់គ្លេស», កីឡាការិនី Hill បានលើកឡើង។

ក្រុមកីឡាបាញ់កាំភ្លើងអង់គ្លេស បានលើកឡើងថា មិនមានការដាក់កីឡាករជំនួស ត្រូវបានធ្វើឡើងនោះទេ។

សូមបញ្ជាក់ថា Hill, ដែលជាម្ចាស់ពានរង្វាន់មេដាយប្រាក់ នៅឯព្រឹត្តិការណ៍ 2018 Commonwealth Games នោះ, គឺជាអត្តពលិកដ៏ល្អបំផុត នៅក្នុងក្រុមកីឡាបាញ់កាំភ្លើងរបស់អង់គ្លេស៕