(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានកាត់បន្ថយសង្វាក់ផលិតកម្ម iPhone 13 ចំនួន ១០លានគ្រឿង ដោយសារ តែបញ្ហាកង្វះខាតបន្ទះឈីបជាសកល ខណ:ដែលការចែកចាយ iPhone 13 កំពុងតែមមាញឹកខ្លាំងនៅជុំវិញពិភពលោក ជាមួយនឹងតម្រូវការ ខ្ពស់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
ក្រោយពីក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 13 ជាផ្លូវការ មានសារព័ត៌មានជាច្រើនបានចេញផ្សាយថា Apple បានបញ្ជាឱ្យអ្នក ផ្គត់ផ្គង់របស់ខ្លួនផលិត iPhone 13 ឱ្យបានជាង ៩០លានគ្រឿងដើម្បីទុកបម្រុងលក់នៅចុងឆ្នាំ២០២១នេះ ខណ:ដែលរាងរាល់ឆ្នាំ Apple បានត្រៀម iPhone ថ្មីត្រឹមតែ ៧៥លានគ្រឿងប៉ុណ្ណោះ។
សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនផ្គត់ផ្គង់ឈីបឱ្យ Apple បានជួបបញ្ហាក្នុងការផលិត ដូច្នេះហើយទើបធ្វើឱ្យសង្កាក់ផលិតកម្ម iPhone 13 ទាំងមូលត្រូវបានជួបបញ្ហាដែរ ហើយវាក៏ជាមូលហេតុមួយដែលនាំឱ្យ Apple សម្រេច កាត់បន្ថយការផលិត iPhone 13 រហូតដល់ ១០លានគ្រឿង ប៉ុន្តែនេះគ្រាន់តែជាសេចក្ដីរាយការណ៍ប៉ុណ្ណោះ ចំពោះព័ត៌មានពិតជាក់ស្ដែង គឺ Apple មិនទាន់បានប្រកាសបង្ហាញនៅឡើយទេ។
កាលពីខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ប្រាក់ចំណូលនៅត្រីមាសចុងឆ្នាំ២០២១ អាចនឹងកើនឡើងយឺតដោយសារ តែ បញ្ហាកង្វះខាតឈីបជាសកល ដែលជះឥទ្ធិពលដល់សង្វាក់ផលិតកម្ម iPhone, iPad និង Mac។
ក្រុមអ្នកវិភាគបានមើលឃើញថា ការលក់ iPhone 13 គឺមានសន្ទុះខ្លាំងជាងរាល់ឆ្នាំ ប៉ុន្តែបញ្ហាកង្វះខាតបន្ទះឈីបគឺជាវិបត្តិមួយដែល ជំរុញ ឱ្យការលក់មិនអាចហក់ឡើងដល់ចំណុចកំពូលបាន៕