(បរទេស)៖ ថ្មីៗនេះម៉ូដែលទូរស័ព្ទ iPhone និង iPads ដែលបំពាក់ដោយបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Apple ត្រូវបានហាមឃាត់មិនឱ្យលក់ និងនាំចូលនៅក្នុងប្រទេសកូឡុំប៊ី។ ខណៈការហាមប្រាមនេះបានកើតឡើងបន្ទាប់ពីតុលារការបានកំណត់ថា ផលិតផលរបស់ Apple បានរំលោភលើប៉ាតង់ដែលជាកម្មសិទ្ធិរបស់ Ericsson។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ Ericsson បានដាក់ពាក្យបណ្តឹងលើក្រុមហ៊ុន Apple ទៅកាន់តុលាការ Bogota ប្រទេសកូឡុំប៊ី ខណៈបណ្តឹងនេះត្រូវបានតុលាការបានស៊ើបអង្កេតនឹងបានរកឃើញថា iPhone របស់ Apple រួមមាន iPhone 12 និង iPhone 13 ក៏ដូចជា iPads 5G ជាច្រើនពិតជាបានរំលោភលើប៉ាតង់ដែលកាន់កាប់ដោយ Ericsson ទាក់ទងនឹងបច្ចេកវិទ្យា 5G ពិតមែន។ ហេតុនេះហើយទើបបានជាតុលាការសម្រេចធ្វើការហាមឃាត់ម៉ូដែលទូរស័ព្ទមួយចំនួនដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Ericsson មិនឱ្យមានការនាំចូល ឬដាក់លក់នៅក្នុងប្រទេសនេះ។ ដោយឡែកសម្រាប់ទូរស័ព្ទដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនផ្សេងមិនមានការហាមឃាត់នៅក្នុងប្រទេសនេះនោះឡើយមានន័យថាអាចនាំចូលនឹងដាក់លក់បានជាធម្មតា។
យ៉ាងណាមិញទាក់ទិនទៅនឹងបញ្ហានេះបានកើតឡើអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះ Apple និង Ericsson កំពុងតែស្ថិតក្នុងជម្លោះប៉ាតង់សកលអំពីបច្ចេកវិទ្យា 5G។ រីឯកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា 3G និង 4G រវាងក្រុមហ៊ុនទាំងពីរបានផុតកំណត់កាលពីឆ្នាំមុន ចំណែកឯកិច្ចព្រមព្រៀងថ្មីទៅលើរួមបញ្ចូលបច្ចេកវិទ្យា 5G នេះហាក់ដូចមិនទាន់លេចចេញដំណោះស្រាយណាមួយនោះឡើយ។
ទាំងនេះក៏ដោយសារតែ Apple ទាមទារហួសហេតុទៅលើប៉ាតង់របស់ Ericsson ដើម្បីធ្វើឱ្យការតភ្ជាប់ដំណើរការលើឧបករណ៍របស់ខ្លួន ហេតុដូច្នេះហើយបានជា Ericsson ដាក់បណ្តឹងជាច្រើនប្រឆាំងនឹង Apple។ គួរបញ្ជាក់ដែរថា នេះគឺជាការដាក់ទណ្ឌកម្មជាលើកដំបូង និងមិនធ្លាប់មានដែលប្រឆាំងទៅលើ iPhone ចាប់តាំងពីការប្តឹងផ្តល់ប៉ាតង់របស់ Qualcomm នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ២០១៨មក ប៉ុន្តែកាលនោះគឺសំដៅទៅលើ iPhone ចាស់ៗប៉ុណ្ណោះ៕