(បរទេស)៖ តាមរយៈការស្រាវជ្រាវពីគេហទំព័រ Mixpanel បានឱ្យដឹងថា សន្ទុះអ្នកប្រើប្រាស់ដែលទាញយក iOS 16 កំពុងកើនឡើងជាខ្លាំងក្នុងរយៈពល ៣ថ្ងៃដំបូងនៃការចេញផ្សាយជាផ្លូវការរបស់ Apple បើធៀបទៅនឹង iOS 15។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ប្រភពដដែលបានបន្ថែមទៀតថា ត្រឹមតែរយៈពេល ២៤ម៉ោងដំបូងនៃការចេញផ្សាយ iOS 16 មានអ្នកទាញយករហូតដល់ទៅ ៦.៧១ភាគរយនៃអ្នកប្រើប្រាស់ iPhone បើធៀបនឹង ៦.៤៨ភាគរយនៃអ្នកប្រើប្រាស់ដែលបានទាញយក iOS 15។ តែយ៉ាងណាបើធៀបទៅនឹងជំនាន់ iOS 14 ឃើញថានៅមានកម្រិតទាប ខណៈពេលនោះមានអ្នកទាញយករហូតដល់ទៅ ៩.២២ភាគរយត្រឹមតែរយៈពេល ២៤ម៉ោង។

បន្ទាប់ពី Apple បានចេញផ្សាយ iOS 16 នៅថ្ងៃទី១២ ខែកញ្ញា កន្លងមកនេះកំណើនអ្នកទាញយកបានឈានដល់ ១០.៤៥ភាគរយ គិតត្រឹមថ្ងៃនេះ បើធៀបនឹងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីជំនាន់ iOS 15 មានចំនួន ៩.៦៨ភាគរយ ចំណែកឯ iOS 14 វិញនៅតែមានអ្នកទាញយកច្រើនដល់ទៅ ១៤.៦៨ភាគរយឯណោះ។

គួរបញ្ជាក់ដែរថា មុខងារថ្មី និងពិសេសជាងគេនៅលើ iOS 16 លើកនេះ Apple បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ Customize Font និងពណ៌នៅលើ Lock Screen បានដោយខ្លួនឯង រួមទាំងមុខងារ iMessage ថ្មី និងមុខងារ SharePlay ថែមទៀងផង។ តែគួរឱ្យស្តាយសម្រាប់អ្នកប្រើប្រាស់ iPhone 8 ចុះក្រោមមិនអាចធ្វើការអាប់ដេតទៅ iOS 16 បានឡើយ៕