(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការទល់ទ្រតួខ្លោងទ្វារខាងជើង ស្ថិតនៅរួតទី២ របស់ប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។

ការងារទល់ទ្រនេះធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារជម្រាបទឹកផង។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទមេបុណ្យខាងកើតជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះឲ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕