(ហ្សូរីច)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានទទួលការចូលរួមដេញថ្លៃ ចំនួន៤ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតពិភពលោក ផ្នែកនារី ឆ្នាំ២០២៧ (2027 Women's World Cup)។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង បានដាក់ការដេញថ្លៃរួចរាល់ ស្របពេលដែលបែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ បានចាប់ផ្តើមចូលរួមដេញថ្លៃរួមគ្នា។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានដាក់ការដេញថ្លៃរួមគ្នា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះដែរ។

បណ្តាប្រទេសដែលចាប់អារម្មណ៍ ត្រូវដាក់ការដេញថ្លៃពេញលេញរបស់ពួកគេ នៅត្រឹមថ្ងៃទី១៩ ខែឧសភា។

ម្ចាស់ផ្ទះនឹងត្រូវជ្រើសរើសដោយសភា FIFA និងការបោះឆ្នោតគាំទ្រពីសាធារណជន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា ព្រឹត្តិការណ៍ Women's World Cup ឆ្នាំ២០២៣ នឹងធ្វើឡើងនៅអូស្ត្រាលី និងណូវែលសេឡង់ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហាខាងមុខ៕