(បរទេស)៖ ក្រុមហ៊ុន Apple ឆ្នាំនេះទំនងជាបញ្ចេញស្មាតហ្វូនជំនាន់ថ្មី iPhone 15 មកជាមួយនឹងបន្ទះឈីបដែលដំណើរការជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ 3nm ពិតមែនហើយ បន្ទាប់ពីទទួលបានរបាយការណ៍ថា Apple នឹងកក់បន្ទះឈីបដែលផលិតដោយ TSMC ខ្ទង់ ៩០ភាគរយក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ពីកាសែតតៃវ៉ាន់បានឱ្យដឹងថា ឆ្នាំនេះបន្ទះឈីបដែលផលិតចេញពីក្រុមហ៊ុន TSMC ស្ទើរតែ ៩០ភាគរយនឹងត្រូវបានផ្អែកទៅលើដំណើរការ 3nm។ លើសពីនេះទៅទៀត ទាំងបន្ទះឈីប A17 Bionic និង M3 របស់ Apple សុទ្ធតែត្រូវបានគេរំពឹងថានឹងត្រូវបានផលិតដោយប្រើដំណើរការ 3nm របស់ TSMC ផងដែរ។

យ៉ាងណាមិញបើតាមរបាយការណ៍ពីក្រុមហ៊ុន Apple សម្រាប់បន្ទះឈីប 3nm នេះត្រូវបានដាក់បញ្ជាទិញទៅកាន់ TSMC តាំងពីឆ្នាំ២០២០ មកម្លេះ។ ដែលគិតមកទល់ពេលនេះមានរយៈពេលជិត ៣ឆ្នាំហើយទើបទទួលដំណឹងថា Apple នឹងត្រៀមបំពាក់ទៅលើ iPhone 15 តែគេមិនច្បាស់ថា Apple បំពាក់គ្រប់ម៉ូដែល iPhone 15 ឬយ៉ាងណាទេ ដោយសារបន្ទះឈីបនេះជំនាន់នេះមានតម្លៃថ្លៃ។

ប្រសិនបើឆ្នាំនេះ Apple អាចបំពាក់បន្ទះឈីប A17 ដំណើរការដោយច្ចេកវិទ្យា 3nm ពិតមែននោះគេរំពឹងថា ស្មាតហ្វូន iPhone នឹងមានកម្លាំងខ្លាំងជាងមុន ជាពិសេសធៀបនឹងត្រកូល Android។ ជាមួយនឹងដំណើរការថ្មីនេះនឹង ជួយរក្សាជីវិតថ្ម iPhone បានយូរជាងមុន ជាមួយនឹងកម្លាំងថ្មខ្លាំងជាងមុនប្រហែល ៣៥ភាគរយ និងកម្រិតកាន់ថ្មបានដល់ទៅ ១៥ភាគរយ បើធៀបទៅនឹងបន្ទះឈីប A16 ដំណើរការដោយបច្ចេកវិទ្យា 4nm ដែលមាននៅក្នុង iPhone 14 Pro និង iPhone 14 Pro Max។ មិនត្រឹមតែប៉ុណ្ណោះនៅលើផ្នែកកុំព្យូទ័រ MacBook Air 13-inch ដែលបានអាប់ដេត និង iMac 24-inch ថ្មីអាចជាផលិតផលដំបូងគេដែលប្រើបន្ទះឈីប M3 ដែលផលិតនៅលើដំណើរការ 3nm ផងដែរ។

គួរជម្រាបដែរថា ក្រោយ Apple បញ្ចេញរបាយការណ៍បញ្ជាទិញនេះ ត្រូវបានគេរំពឹថា ប្រសិនបើបន្ទះឈីប A17 ធ្លាក់ទៅក្នុងដៃរបស់ Apple ទាំងអស់នោះ ក្រុមហ៊ុនស្មាតហ្វូន Android រួមមាន Qualcomm, Samsung និង MediaTek នៅចុងឆ្នាំនេះ ទំនងជាពិបាកខ្លាំង ដោយក្នុងពេលតែមួយក្រុមហ៊ុនទាំង ៣ត្រូវដណ្តើមបន្ទះឈីបគ្នាដែលនៅសល់ប្រមាណ ១០ភាគរយប៉ុណ្ណោះ។ ចំពោះការផ្គត់ផ្គង់បន្ទះឈីប 3nm កំពូលសម្រាប់ស្មាតហ្វូន Android នៅឆ្នាំអាចនឹងមានការរឹតបន្តឹងមួយរយៈ៕