(ភ្នំពេញ)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដាហើយនាល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ ដោយដណ្ដើមបានមេដាយសរុប ៧១គ្រឿង ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩គ្រឿង។

យោងតាមលទ្ធផលផ្លូវការដែលផ្ដល់ដោយមន្ដ្រីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងចំណោមមេដាយខាងលើ គឺដណ្ដើមបានដោយអត្តពលិក ១២ប្រភេទកីឡារួមមាន៖

១៖ កីឡាចំបាប់ ឈ្នះមេដាយមាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២
២៖ កីឡាហែលទឹក ឈ្នះមេដាយមាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣
៣៖ កីឡាជឺជីតស៊ូ ឈ្នះមេដាយមាស ៦ និងប្រាក់ ២
៤៖ កីឡាចំបាប់ ឈ្នះមេដាយមាស ៣ ប្រាក់ ៨ និងសំរឹទ្ធ ១
៥៖ កីឡាការ៉ាតេ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២
៦៖ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយមាស ២ និងប្រាក់ ៣
៧​​​​​៖ កីឡាវាយសី ឈ្នះមេដាយមាស២
៨៖ កីឡា Bench Press ឈ្នះមេដាយមាស ២
៩៖ កីឡា Push Pull Lifting ឈ្នះមេដាមាស ១
១០៖ កីឡាបាល់ទះបុរសក្នុងសាល ឈ្នះមេដាយមាស ១
១១៖ កីឡាយូដូ ឈ្នះមេដាយប្រាក់ ៤
១២៖ កីឡាបាល់ទះឆ្នេរខ្សាច់ ឈ្នះមេដាយប្រាក់ ១។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១២ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

តាមគម្រោងក្រុមអត្តពលិកនគរបាលជាតិកម្ពុជា នឹងត្រឡប់មកដល់មាតុភូមវិញនាព្រឹកថ្ងៃទី០៩ ខែសីហាសប្ដាហ៍នេះ៕