(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបញ្ចេញយុទ្ធនាការផ្សាយពាណិជ្ជកម្មអំពីស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនម៉ូដែល Pixel 8 Pro ជាបន្តបន្ទាប់ដែលគ្រោងនឹងប្រកាសចេញនៅថ្ងៃទី០៤ ខែតុលា ខាងមុខនេះ។ ដោយឡែកថ្មីៗនេះ Google បានចេញផ្សាយវីដេអូថ្មីមួយដែលចំអកដល់ iPhone 15 Pro Max ហើយបានអួតពីមុខងារ Pixel 8 Pro របស់ខ្លួនថានឹងក្លាយជាស្មាតហ្វូនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
យុទ្ធនាការផ្សាយពាណិជ្ជកម្មនេះមានចំណងជើងថា «BestPhoneForever» និងមានលក្ខណៈពិសេសដែលមានតួអង្គសំខាន់ពីរគឺម៉ូដែល iPhone និង Pixel កំពុងសន្ទនាគ្នា។ យោងតាមខ្លឹមសារនៃវីដេអូបានបង្ហាញម៉ូដែល iPhone កំពុងត្អូញត្អែអំពីភាពហត់នឿយក្នុងការក្លាយជាស្មាតហ្វូនស៊េរីចាស់ដូចគ្នាជារៀងរាល់ឆ្នាំ ខណៈដែល Pixel កំពុងអួតអំពីមុខងារថ្មីៗទាំងអស់របស់ខ្លួន។
Pixel បានព្យាយាមចំអកដល់ត្រកូល iPhone 15 ជំនាន់ថ្មីរបស់ Apple ថាទទួលបានសមត្ថភាពកែប្រែបន្តិចបន្តួចប៉ុណ្ណោះទៅលើ ប៊ូតុងបិទសម្លេងខាងក្រៅ, ស្នាមឆក និងជំនួសមកវិញដោយ Dynamic-er island និងផ្លាស់ប្តូរទៅលើរន្ធសាក USB-C។ ខណៈដែល Pixel 8 Pro របស់ខ្លួនទទួលបាននូវសមត្ថភាពពិសេសៗជាច្រើន និងទទួលបាននូវ AI កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
តែយ៉ាងណាជុំវិញការផ្សាយពាណិជ្ជកម្មចំអកដល់ iPhone 15 Pro Max ត្រូវបានប្រភពលើកឡើងថា Pixel ហាក់លើកតម្កើង និងអួតពីតសមត្ថភាពរបស់ខ្លួនពេក ដូច្នេះចំពោះមុខងារដែលទទួលបានជាក់ស្តែងសូមរង់ចាំនៅថ្ងៃប្រកាសបង្ហាញជាផ្លូវការដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ខាងមុខនេះ៕