(ភ្នំពេញ)៖ ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សាលាបានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី ជូនដល់សិស្សថ្នាក់ ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៤ ដល់ទី៦៨ ដែលបានប្រឡង ជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១,០២២នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ដែលបាន ប្រព្រឹត្តទៅនៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ)។
លោក ចាន់ ទីតា ប្រធានការិយាល័យ ភាសាអង់គ្លេសទូទៅបានឱ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៨សាខា (២៦សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់) និងមានសិស្សកំពុងសិក្សាចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗ ៥ និងបានបញ្ជូលកម្មវិធីសិក្សាបន្ថែម ចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។
លោកបន្ថែមថា គិតត្រឹមឆ្នាំ២០២៣នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេស ទូទៅ កម្រិត១២ (Level 12) ដែលបាន ប្រឡងបញ្ចប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៣,២៧១នាក់។
ក្នុងនោះ សិស្ស ដែលប្រឡងបានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ៩,២៩០នាក់ ស្មើនឹង ៧០% ដែលនឹងទទួលបានសញ្ញាបត្រ ចំនួនពីរគឺ ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ទន្ទឹមគ្នានេះ តំណាងសិស្សឆ្នើម ៤រូប ដែលទទួលបាន ពិន្ទុអាយអែល (IELTS) ខ្ពស់ ៨.0 និង ៧.៥ បានចែករំលែកបទ ពិសោធន៍ ជោគជ័យ ដែលមានកត្តារួមផ្សំសំខាន់ៗ៤គឺ ១-កត្តាខ្លួនឯង ៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ, ២-កត្តា គ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សា បន្ថែមទាំង១២ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការ សិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រខ្ជាប់ខ្ជួនទៅតាម កម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្ត ទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរព បទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យ ក្នុងការប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ លើការរៀនសូត្រ បន្ថែមទៀត ដើម្បីអភិវឌ្ឍ សមត្ថភាពផ្ទាល់ខ្លួន ក្នុងការចាប់យកអាជីព ទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោកជា ពិសេសដើរ ឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។
ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ១,០២២នាក់ នាពេលនោះផងដែរ៕