(លីវើភូល)៖ Mohamed Salah បានក្លាយជាកីឡាករទី៥ ដែលរកបាន ១៥០គ្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League តែមួយក្លិបប៉ុណ្ណោះ នៅពេលបន្ថែម ២គ្រាប់ក្នុងជំនួប Liverpool យកឈ្នះ Newcastle United ៤-២ យប់មិញនេះ។
ក្នុងប្រកួត ៩០នាទីពេញក្នុងកីឡដ្ឋាន Anfield សម្រាប់ ១ប្រកួតបើកឆាកជើងទី២ ក្នុងលីគរដូវកាលនេះដែរ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបខាងលើនេះដែរ មានឱកាសរកបានគ្រាប់ទី១៥០ ដោយបាល់ពិន័យ ១១ម៉ែត្រដែលធ្វើពុំបានសម្រេចដែលអូសសន្លាយដល់ដើមវគ្គទី២ និងចុងម៉ោង ទើបរកបាន ២គ្រាប់ និងរួមចំណែកពីមិត្តរួមក្រុម Jones និង Gakpo ម្នាក់ ១គ្រាប់ផងដែរ។
យ៉ាងនេះក្តី កីឡាករ Isak និង Botman ក៏បានម្នាក់ ១គ្រាប់ឲ្យម្ចាស់ផ្ទះសារិកាព្រៃ Newcastle ដែរ មុនត្រឡប់ទៅវិញ ដោយបន្តឈរនៅលេខរៀងទី៩ ជាមួយនឹង ២៩ពិន្ទុផងដែរ ដ្បិតហង្សក្រហម Liverpool បន្តកាន់កាប់តំណែងកំពូលតារាង Premier League ជាមួយនឹង ៤៥ពិន្ទុ នាំមុខក្រុមលេខ២ Aston Villa ចំនួន ៣ពិន្ទុផងដែរ និងដាច់ ៥ពិន្ទុឯណោះពីក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City។
នេះក៏ជា ១ប្រកួតចុងក្រោយសម្រាប់ Salah ដែលអវត្តមានពី Liverpool មួយរយៈ ក្នុងការទៅលេងឲ្យជម្រើសជាតិអេហ្ស៊ីប ក្នុងពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2023 ដែលពួកគេបានត្រឹមរងជើងឯកកាលឆ្នាំ២០២១។ រូបគេបានក្លាយតួអង្គសំខាន់ ១រូបរបស់អ្នកចាត់ការទូទៅ លោក Jurgen Klopp ក្នុងការជួយ Liverpool លេងឈ្នះ ៦ប្រកួងក្នុងលីគនារដូវកាលនេះ និងមិនចាញ់ឡើយនៅកីឡដ្ឋាន Anfield ក្រៅពីស្មើ២ ទល់នឹង Man United និង Arsenal ប៉ុណ្ណោះ៕