(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិន Alibaba Group កំពុងពិចារណាលើការលក់ទ្រព្យសម្បត្តិរបស់ខ្លួនជាច្រើនផ្នែក ហើយក្នុងនោះសូម្បីតែអាជីវកម្មគ្រឿងទេស Freshippo និងអាជីវកម្មលក់រាយ RT-Mart ក៏នឹងប៉ះពាល់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ផែនការលក់ទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុន Alibaba នេះត្រូវបានគេឱ្យដឹងថា ស្ថិតក្រោមការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលដឹកនាំដោយសហស្ថាបនិក និងជាប្រធានក្រុមហ៊ុនលោក Joe Tsai រួមជាមួយនឹងនាយកប្រតិបត្តិ (CEO) លោក Eddie Wu ដែលទើបតែឡើងកាន់តំណែងថ្មី។

មូលហេតុដែល Alibaba សម្រេចលក់ទ្រព្យសម្បត្តិ ឬអាជីវកម្មក្នុងក្រុមហ៊ុននេះត្រូវបានប្រភពដែលមិនបង្ហាញអត្តសញ្ញាណបានឱ្យដឹងថា ធ្វើឡើងក្នុងគោលដំណងដកអាជីវកម្មណាដែលមិនមែនជាផ្នែកស្នូលនៅក្នុងក្រុមហ៊ុន និងមិនបានរកប្រាក់ចំណេញ ពោលគឺអាជីវកម្មណាដែលខាតបង់ច្រើនជាងគេ ហើយ Alibaba នឹងទុកតែអាជីវកម្មស្នូលផ្នែក e-commerce ដែលផ្តល់ប្រាក់ចំណេញដល់ខ្លួនប៉ុណ្ណោះ។ ក្រៅពីនេះ Alibaba មានបំណងងាកទៅវិនិយោគលើ AI និង Cloud Computing ជំនួសវិញ ខណៈផ្នែកនេះគឺ ស្ថិតក្នុងតម្រូវការខ្លាំងនៃទីផ្សារពិភពលោក។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបង្ហាញថា Alibaba កំពុងពិចារណាលក់អាជីវកម្មមួយរបស់ខ្លួនដែលមានឈ្មោះថា InTime ស្របពេលដែលក្រុមហ៊ុនយក្សនេះកំពុងទាក់ទងទៅក្រុមហ៊ុនជាច្រើនដើម្បីវាស់ស្ទង់ចំណាប់អារម្មណ៍របស់ពួកគេក្នុងការទិញអាជីវកម្មជាច្រើនក្នុងដៃរបស់ Alibaba បច្ចុប្បន្ន។ ជាងនេះទៅទៀតសូម្បីតែអាជីវកម្មលក់រាយ RT-Mart និងអាជីវកម្មគ្រឿងទេស Freshippo ក៏ត្រូវបានបង្ហាញថា ស្ថិតក្នុងគម្រោងលក់ផងដែរ។

តែយ៉ាងណាជុំវិញផែនការនេះទាំង Alibaba, RT-Mart, Freshippo និង Intime មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។
គួរជម្រាបដែរថា ការប្រកាសលក់ទ្រព្យសម្បត្តិនេះត្រូវបានគេសង្ស័យថា ទំនងជាមួយជាប់ពាក់ព័ន្ធជាមួយនឹងការវិនិយោគដ៏ច្រើនសន្ធឹកកាលពីប៉ុន្មានឆ្នាំមុន ខណៈ Alibaba បានបោះទុនប្រមាណ ៣.៦ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនប្រតិបត្តិករផ្សារទំនើប Sun Art Retail ដែលកំពុងមើលការខុសត្រូវលើ RT-Mart បច្ចុប្បន្ននេះ៕