(រីយ៉ាដ)៖ លោក John Higgins អតីតកីឡាករស្នូកឃើលំដាប់លេខ១ ពិភពលោក បានបាត់បង់ឱកាសក្នុងការប្រជែង យក ១៦៧ពិន្ទុ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ប្រមាណ ៣៩៥,០០០ផោន ស្មើនឹង ៥១ម៉ឹនដុល្លារ ក្នុងកម្មវិធី Rihadh Season World Masters of Snooker 2024 នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងការប្រកួតនាយប់មិញនេះដែរ កីឡាករអន្តរជាតិស្កុតឡេនខាងលើនេះ ធ្វើបានពិន្ទុខ្ពស់បំផុតត្រឹមតែ ១២០ពិន្ទុប៉ុណ្ណោះ នៅពេលយកឈ្នះកីឡាករវ៉េល Mark Williams ដើម្បីឆ្លងចូលវគ្គ ៨នាក់ចុងក្រោយជាបន្តទៀត។
យោងតាមលក្ខខណ្ឌ 167 break ដែលបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា គឺតម្រូវឱ្យកីឡាកររកពិន្ទុឱ្យបានយ៉ាងហោចណាស់ក៏ ១៤៨ពិន្ទុដែរ ក្នុងប្រកួតណាមួយរបស់ពួកគេ ហើយប្រសិនបើរកបាន ១៦៧ពិន្ទុ នឹងទទួលទឹកប្រាក់ខាងលើតែម្តង។
យ៉ាងនេះក្តី Higgins វ័យ ៤៨ឆ្នាំ ដែលជាជើងឯកពិភពលោកកាលឆ្នាំ១៩៩៨ ២០០៧ ២០០៩ និងចុងក្រោយឆ្នាំ២០១១ ផងនោះ នឹងត្រូវប៉ះជើងខ្លាំងលំដាប់លេខ១ ពិភពលោក Ronnie O’Sullivan ពីក្នុងវគ្គ ៨នាក់ចុងក្រោយ ដ្បិតកម្មវិធី Riyadh World Masters នេះ ជ្រើសរើសតែកីឡាករស្ថិតនៅចំណាត់ថ្នាក់ Top 10 និងកីឡាករក្នុងតំបន់ ២រូបផ្សេងទៀត ដែលទទួលបានសិទ្ធិពិសេសតែប៉ុណ្ណោះ (wildcards)៕