(តូរីន)៖ Cristiano Ronaldo បានទាត់បាល់ប៉េណាល់ទីនៅនាទីចុងម៉ោង ៩០+៦ ដើម្បីទទួលបានជ័យជម្នះ ២-១ ទៅលើក្រុមភ្ញៀវ Genoa នៅទីក្រុង Turin ក្នុងការជួយក្រុមការពារតំណែងជើងឯក Juventus ឡើងទៅឈរនៅកំពូលតារាង Serie A វិញ។

នេះជាគ្រាប់ទី៥ ផងដែរក្នុងចំណោម ៨ប្រកួតក្នុងលីគកំពូលអ៊ីតាលីឆ្នាំនេះរបស់កីឡាករពាក់លេខ៧ សញ្ជាតិព័រទុយហ្គាល់ ដែលជារដូវកាលទី២ របស់ Ronaldo ផងដែរ ក្រោយចាកចេញពី Real Madrid កាលខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជាមួយនឹងការជួយក្លឹបសេះបង្កង់មួយនេះ ឈ្នះជើងឯក Serie A នារដូវកាលឆ្នាំ២០១៨-២០១៩ ទៀតផង។

មិត្តរួមក្រុមដែលជាខ្សែការពារ Leonardo Bonucci ជាអ្នកតែតគ្រាប់នាំមុខឲ្យ Juventus នៅនាទីទី៣៦ តែត្រូវបាន Christian Kouame រកគ្រាប់តាមស្មើឲ្យ Genoa វិញនៅ ៤នាទីបន្ទាប់ ពីការធ្វើឲ្យមានកំហុសរបស់អ្នកចាំទីចាស់វស្សា Gianluigi Buffon។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Maurizio Sarri រកបាន ២៦ពិន្ទុបណ្តោះអាសន្ន គិតត្រឹមសប្តាហ៍ទី១០ ជើងទី១ ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី រុញ Inter Milan ដែលមាន ២៣ពិន្ទុក្រោយយកឈ្នះ Brescia ២-១ធ្លាក់មកឈរនៅលេខរៀងទី២ វិញផងដែរ៕