(ម៉ានីល)៖​ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U22 ហ្វីលីពីន នាវេលាម៉ោង ៧យប់នេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial Stadium នាទីក្រុង Manila នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលហ្វីលីពីន ទទួលបានសិទ្ធិធ្វេីម្ចាស់ផ្ទះ។

នេះគឺជាជំនួបបើកឆាកពូល A លើវិញ្ញាសាប្រភេទបាល់ទាត់បុរស ខណៈក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ៤ទៀតរួមមានក្រុម U22 ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងក្រុម U22 ម្ចាស់ផ្ទះហ្វីលីពីន ដើម្បីតតាំងគ្នា និងប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី២៥-វិច្ឆិកា ដល់ថ្ងៃទី១០-ធ្នូ ខាងមុខ។

លោក Felix G.Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជាបានបញ្ជាក់ថា ក្រុមខ្លួនបានត្រៀមខ្លួនហើយជាស្រេច សម្រាប់បំពេញបេសកកម្មដ៏សំខាន់នេះ បន្ទាប់ពីគោព្រៃជំទង់កម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់មួយរយៈពេលកន្លងមក ហើយលោកក៏រីករាយ ចំពោះការប្រកួតបើកឆាកដំបូង ដែលត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីនថ្ងៃនេះផងដែរ ។

លោកបន្ថែមថា ទោះបីមានបញ្ហារអាក់រអួលជាច្រើន ចំពោះក្រុមជម្រើសជាតិ U22 កម្ពុជា ពេលធ្វើដំណើរទៅដល់សណ្ឋាគារ តែត្រូវរង់ចាំបន្ទប់សម្រាក ៨ ទៅ ៩ម៉ោងក៏ដោយ តែក្រុមខ្លួន អាចព្យាយាមសម្របខ្លួនទៅតាមស្ថានភាពជាក់ស្ដែងបានល្អ ក្នុងការត្រៀមប្រកួតប្រជែងលើទីលាន និងស្វែងរកលទ្ធផលជូនជាតិ ក៏ដូចជាអ្នកគាំទ្រកម្ពុជា។

គួរបញ្ជាក់ថា បាល់ទាត់ គឺជាប្រភេទកីឡា ដែលត្រូវធ្វើការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គ្រាដែលពិធីបើកការប្រកួតផ្លូវការ នឹងធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា និងបិទនៅថ្ងៃទី១០ ខែធ្នូខាងមុខ។ ដោយឡែកសម្រាប់ពូល B ដែលត្រូវចាប់ផ្ដើមការប្រកួតនៅថ្ងៃស្អែកវិញ គឺមាន ៦ក្រុម រួមមានក្រុម U22 ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រ៊ុយណេ៕