(ភ្នំពេញ)៖ ការប្រកួតកីឡាសូរីនហ្ស៊ិកាំប៉ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានបញ្ចប់ការប្រកួតហើយកាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ដោយក្រុមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានគ្រងតំណែងជើងឯក ក្រោយដណ្ដើមបានមេដាយមាសស្ទើរគ្រប់វិញ្ញាសាក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។

លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជាបានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លឹបចំនួន៨ ចូលរួម ស្មើនឹងកីឡាករ-កីឡាការិនីសរុប ៦៤នាក់។ ជាលទ្ធផលក្រុមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរលេខ១ បន្ទាប់ពីពួកគេដណ្ដើមបានមេដាយមាស ៧គ្រឿង ក្នុងចំណោមវិញ្ញាសា ៨វិញ្ញាសា។

ចំណែកក្លឹបជម្រើសជាតិ ឈរលេខ២ ឈ្នះមេដាយមាស១, ប្រាក់១ និងសំរឹទ្ធ១។ ក្លឹបយុវជន ឈរលេខ៣ ឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ១។ ក្លឹបខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ៤។ ក្លឹបខេត្តកណ្ដាល ឈរលេខ៥ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២។ ក្លឹបមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ឈរលេខ៦ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ និងក្លឹបក្រសួងមហាផ្ទៃ ឈរលេខ៧ ឈ្នះមេដាយសំរឹទ្ធ២។

លោក ឡាច ច័ន្ទសុវណ្ណ បានគូសបញ្ជាក់ថា បច្ចុប្បន្នកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជា កំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសហព័ន្ធក៏បាននឹងកំពុងបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដើម្បីផលិតនូវធនធានកីឡាករ-កីឡាការិនីឆ្នើម សម្រាប់ត្រៀមចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺការត្រៀមចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ២០២១ នៅជប៉ុន និងការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង។

ទន្ទឹមជាមួយគ្នា គ្រូបង្វឹកមកពីសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូពិភពលោក ក៏បានថ្លែងកោតសរសើរ ចំពោះការយកចិត្តដាក់ និងខិតខំរបស់កម្ពុជា ហើយក្នុងនាមសហព័ន្ធអន្ដរជាតិ បុរសជនជាតិជប៉ុនដដែល ក៏បានប្ដេជ្ញានឹងបន្ដជួយគាំទ្រកម្ពុជា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងសម្រេចគោលដៅក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិកាន់តែល្អប្រសើរទៀតផង៕