(តូក្យូ)៖ ក្រុមបាល់ទាត់ Al-Hilal បានគ្រងតំណែងជើងឯកពានរង្វាន់លីគប្រចាំទ្វីបអាស៊ី AFC Champions League ឆ្នាំ២០១៩ ជាលើកទី១ ផងដែរ ក្រោយរង់ចាំអស់រយៈពេល ៨ឆ្នាំមកនេះ បន្ទាប់ពីយកឈ្នះក្រុមជប៉ុន Urawa Red Diamonds ក្នុងលទ្ធផល ៣-០ ទាំងពីរជើងនៅវគ្គផ្តាច់ព្រ័ត្រ។

ក្រុមជើងឯកប្រចាំអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសស្ថិតនៅភាគខាងលិចនៃទ្វីបអាស៊ី បានបន្តយកឈ្នះ Diamonds ២-០ នៅនាទីចុងម៉ោងទៀតទីក្រុង Tokyo ប្រទេសជប៉ុននាល្ងាចថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ថែមលើជ័យជម្នះ ១-០ កាលពីជើងទី១ នៅទីក្រុង Riyahd ក្នុងទឹកដីរបស់ពួកគេ ដោយបិទជាប់មិនឲ្យក្រុមដែលកំពុងត្រដាបត្រដួសនៅលីគជប៉ុន និងឈរនៅលេខរៀងទី១៣ ផងនោះ រកមិនបានសូម្បី ១គ្រាប់ឡើយ។

តាមរយៈលទ្ធផលដ៏ត្រចះត្រចង់នេះ បានធ្វើឲ្យ Al-Hilal បន្តឈ្នះពាន AFC Champions League ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៨ឆ្នាំ គិតចាប់តាំងពីឈ្នះលើកចុងក្រោយកាលឆ្នាំ២០១១ កន្លងទៅ ហើយក៏ជាការបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ១៤ឆ្នាំសម្រាប់ក្រុមមកភាគខាងលិចនៃទ្វីបឈ្នះជើងឯក។

ជាមួយគ្នានោះដែរ Al-Hilal ក៏ទទួលបានកៅអី១ ដើម្បីលេងនៅព្រឹត្តិការណ៍ Club World Cup 2019 ដែលត្រូវបានរៀបចំឡើងដោយ FIFA តំណាងឲ្យទ្វីបអាស៊ីផងដែរដែលចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខនេះ ក្នុងចំណោម ៦ក្រុមខ្លាំងផ្សេងទៀត ក្នុងនោះក៏មានហង្សក្រហម Liverpool របស់អង់គ្លេស ដែលជាជើងឯកមកពីបន់អឺរ៉ុបទៀតផង៕