(ភ្នំពេញ)៖ ជើងខ្លាំងរត់ម៉ារ៉ាតុងកម្ពុជា ម៉ា វីរ៉ូ បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមិនអាចចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត នាថ្ងៃទី០៨ ខែធ្នូចុងសប្ដាហ៍នេះ ដោយសារខ្លួនជាប់បេសកកម្មដ៏សំខាន់ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។ តែយ៉ាងណា វីរ៉ូ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកស្ទួយព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ។

វីរ៉ូ បាននិយាយថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន។ តែខ្ញុំក៏សោកស្ដាយ ដែលព្រឹត្តិការណ៍ស៊ីហ្គេមបានរៀបចំជាន់ថ្ងៃគ្នានឹងការរត់នៅអង្គរវត្ត ព្រោះនៅអង្គរវត្ត ១ឆ្នាំមានម្ដង។ ប៉ុន្ដែខ្ញុំសូមអំណូមពរប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាព ពិសេសព្រឹត្តិការណ៍រត់ប្រណាំងនៅសៀមរាប ១ឆ្នាំមានម្ដងទេ សូមបងប្អូនចូលរួម និងគាំទ្រព្រឹត្តិការណ៍នេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាអត្តពលកម្មកម្ពុជា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។

អតីតម្ចាស់មេដាយមាស នៃទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ឆ្នាំ២០១៨ ដដែលបានបញ្ជាក់ថា ចំពោះបេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ខ្លួននឹងត្រូវប្រកួត ២វិញ្ញាសា រួមមានវិញ្ញាសារត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ ដែលត្រូវប្រកួតនាថ្ងៃទី០៦-ធ្នូ និងវិញ្ញាសា ៥,០០០ម៉ែត្រ ត្រូវប្រកួតនាថ្ងៃទី០៩-ធ្នូ។ ក្នុងនាមកីឡាករជម្រើសជាតិ ម៉ា វីរ៉ូ បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា បច្ចុប្បន្នអ្នកចុះឈ្មោះបានកើនដល់ជាង ១២,០០០នាក់ហើយ ដែលមកពី ៨៤ប្រទេសលើពិភពលោក ដើម្បីរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីម៉ែត្រ និង ៣គីឡូម៉ែត្រ។ ទន្ទឹមជាមួយគ្នា លោកបានអំពាវនាវប្រជាពលរដ្ឋខ្មែរ មានបំណងចូលរួម រួសរាន់ចុះឈ្មោះឲ្យបានលឿន ព្រោះការទទួលពាក្យនៅសល់តែវិញ្ញាសារត់ ៣គីឡូម៉ែត្រប៉ុណ្ណោះ ខណៈ ៣វិញ្ញាសាទៀត គណៈកម្មការបានបិទបញ្ជីឈប់ទទួលពាក្យហើយ។

លោកថា កំណើនអ្នកចូលរួមដ៏ច្រើនឆ្នាំនេះ ដោយសារគោលនយោបាយរបស់ក្រសួងទេសចរណ៍ សហការជាមួយ NOCC ក្រោមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន ដើម្បីធ្វើពិពិតកម្មកីឡា និងបង្កើនគុណភាពសេវាកម្មកីឡាទេសចរណ៍ ពិសេសព្រឹត្តិការណ៍នៅអង្គរវត្ត ដើម្បីរួមចំណែកទាក់ទាញកំណើនទេសចរ ដែលអាចស្រូបយកអ្នកទេសចរកីឡាជាង ១ម៉ឺននាក់ក្នុងពេលតែមួយ មកពីគ្រប់ទិសទីលើពិភពលោក។ នេះគឺជាសក្ខីភាពនៃការអភិវឌ្ឍន៍ និងសន្ដិសភាពដ៏ពេញលេញនៅកម្ពុជា

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ ឆ្នាំនេះ នឹងចាប់ផ្ដើមនាព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូចុងសប្ដាហ៍នេះ ដោយចេញដំណើរពីមុខប្រាសាទអង្គរវត្ត។ ចំពោះគោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ទាក់ទាញកំណើនភ្ញៀវទេសចរ ផ្សព្វផ្សាយអំពីបរិស្ថានស្អាត ហើយក៏ផ្សាភ្ជាប់ការងារសង្គម ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយមន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា អង្គការកុមារកំព្រា និងជនពិការជាដើម៕