(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ប្រកួតបញ្ចប់ពូល A នៃវគ្គសន្សំពិន្ទុទល់នឹង U22 ម៉ាឡេស៊ី ចាប់ផ្តើមហើយក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន។

នេះជាការជួបគ្នាលើកទី២ ក្នុងឆ្នាំ២០១៩ រវាងក្រុមទាំងពីរ គិតចាប់តាំងពី U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ១-០ កាលខែកុម្ភៈនៅពហុកីឡដ្ឋានជាតិ ក្នុងយុទ្ធនាការពានរង្វាន់ AFF U22 Championship 2019។

នេះក៏ជាជំនួបដ៏តានតឹងបំផុតផងដែរ ដ្បិតទាំងកម្ពុជា និងម៉ាឡេស៊ី សុទ្ធតែមាន ៤ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ ដូចគ្នា ស្របពេលក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន ក៏មាន ៤ពិន្ទុទាមទារឈ្នះដូចគ្នានារសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីមានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមាន U22 មីយ៉ាន់ម៉ា បានឡើងមុនគេ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា ដែលចុងក្រោយឈ្នះកម្ពុជា ២-១ នៅនាទីចុងម៉ោង៕