(ភ្នំពេញ)៖ តារាចម្រៀងស្រីធ្លាប់មានប្រជាប្រិយភាពខ្លាំង អោក សុម៉ាលីតា ត្រូវបានប្រិយមិត្តទស្សនិកជន ដឹងថា នាងបានឃ្លាតឆ្ងាយពីវិស័យសិល្បៈចម្រៀងអស់រយៈពេលមួយខ្យល់ធំ ធ្វើឲ្យទស្សនិកជនអ្នកគាំទ្រជាច្រើន មានការនឹករលឹកជាខ្លាំង។ យ៉ាងណាមិញ ពេលនេះតារាចម្រៀងស្រីសំនៀងក្រអួនក្រអៅដក់ជាប់អារម្មណ៍ទស្សនិកជនរូបនេះ បានវិលមកប្រឡូកក្នុងសិល្បៈចម្រៀងជាថ្មី ព្រមជាមួយនឹងការបញ្ចេញនូវបទចម្រៀងOriginal Song ផ្ទាល់ខ្លួន ដើម្បីកំដរអារម្មណ៍ប្រិយមិត្ត អ្នកគាំទ្រជាថ្មីម្ដងទៀត។

តារាចម្រៀង អោក សុម៉ាលីតា បានលើកឡើងថា មួយរយៈចុងក្រោយនេះ គឺនាងឃ្លាតពីសិល្បៈមួយខ្យល់ធំ ដោយមមាញឹកនឹងជំនួញផ្ទាល់ខ្លួន ណាមួយប្រជាប្រិយរបស់នាងក៏ហាក់ស្រុតចុះខ្លាំង ទើបជាមូលហេតុធ្វើឲ្យនាង មិនមានសកម្មភាពច្រើនដូចមុនក្នុងសិល្បៈ។ យ៉ាងណាមិញ ដើម្បីបោះជំហាន ក៏ដូចជាកសាងនូវកេរ្តិ៍ឈ្មោះឡើងវិញ ក្នុងវិថីសិល្បៈ ពេលនេះនាង បានសម្រេចចិត្តចូលប្រឡូកក្នុងសិល្បៈជាថ្មីម្ដងទៀត ដោយការវិលត្រឡប់មកលើកនេះ នាងក៏នឹងមានបទចម្រៀងOriginal Song ដែលជាបទផ្ទាល់របស់ខ្លួន ខណៈពេលនេះនាងបានបញ្ចេញនូវបទចម្រៀងផ្ទាល់ខ្លួនមួយបទហើយ ដែលមានចំណងជើងថា «ស្តាយក្រោយ»។

នាងបន្តថា សម្រាប់បទចម្រៀងដែលខ្លួនបានបញ្ចេញដំបូងចំណងជើងថា «ស្តាយក្រោយ» គឺជាបទចម្រៀងស្នាដៃខ្មែរពិតៗ ដែលជាការនិពន្ធឡើង និងជួយជ្រោមជ្រែងដោយអ្នកនិពន្ធ ដ៏មានទេពកោសល្យម្នាក់ឈ្មោះថា«សារិកាកែវ»។ សម្រាប់បទចម្រៀងថ្មីមួយនេះផងដែរ គឺមានបង្កប់ដោយអត្ថន័យអប់រំ ទាក់ទងទៅនឹងមនុស្សស្រីដែលសម្លឹងឃើញតែលុយដុល្លារ សុខចិត្តបោះបង់មនុស្សប្រុសដែលមានតែប្រាក់រៀល ដើម្បីស្រវ៉ាចាប់យកអ្នកដែលសម្បូរទៅដោយដុល្លារ ប៉ុន្តែចុងក្រោយបែរជាគ្មានក្ដីសុខ ដូចនៅជាមួយនឹងមនុស្សប្រុសដែលមានតែប្រាក់រៀល។ មួយវិញទៀត បទនេះផងដែរ គឺមានបទភ្លេងព្រមទាំងទំនុកច្រៀង និងមានអ្នកនិពន្ធ តែមួយ ជាមួយនឹងបទរបស់លោក ជុំ លីណូ មានចំណងជើងថា «ប្រាក់រៀលចិត្តស្មោះ» អាចនិយាយបានថាបទទាំងពីរនេះ គឺមានសាច់រឿង និងអត្ថន័យទាក់ទងគ្នាតែម្ដង។

ដោយឡែក តាមរយៈការបង្ហើរសំនៀងជាថ្មី របស់ អោក សុម៉ាលីតា ក្នុងបទចម្រៀងOriginal Song ដំបូងមួយនេះ នាងសង្ឃឹមថា នឹងមានការគាំទ្រ និងចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជន ទោះបីកន្លងមកនាងបានបាត់មុខពីសិល្បៈក្ដី៕