(ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់នៃចក្រភពអង់គ្លេស Everton បានដាក់គោលដៅនាំយកកីឡាករខ្សែបម្រើប្រយុទ្ធ James Rodriguez ពីក្លឹបអេស្ប៉ាញ Real Madrid ដែលមានតម្លៃប្រមាណ ៤៣លានផោន មកកាន់លីគកំពូល Premier League ខណៈលោក Carlo Ancelotti បានចាប់អារម្មណ៍លើរូបគេតាំងពីនៅដឹកនាំក្លឹប Napoli។ នេះបើតាមការចេញផ្សាយដោយ Dailymail ចេញនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។

លោក Ancelotti ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹប Everton ត្រូវបានក្លឹបដាក់ការទុកចិត្តចំពោះលោក ក្នុងការនាំចូលកីឡាករចំនូលថ្មីនាទីផ្សាដោះដូរកីឡាករនាខែមករា ឆ្នាំ២០២០ ខាងមុខនេះ ហើយក្នុងនោះក្លឹបបានបើកការចំណាយមួយឲ្យលោក ក្នុងការនាំយកកីឡាករដែលលោកត្រូវការដូចជា James Rodriguez ដែលត្រូវបានលោក Ancelotti មើលឃើញតាំងពីនៅដឹកនាំក្រុម Napoli ក្នុងការចុះកិច្ចសន្យានាំយកនៅរដូវក្តៅខាងមុខនេះ។

សម្រាប់កីឡាករកូឡុំប៊ី វ័យ ២៨ឆ្នាំខាងលើត្រូវបានក្លឹបអេស្ប៉ាញ Real Madrid នាំចូលកាលឆ្នាំ២០១៤ ពីក្លឹបបារាំង Monaco ហើយក៏ត្រូវបានបន្តឲ្យក្លឹបអាល្លឺម៉ង់ Bayern Munich ខ្ចីជើង ២រដូវកាលចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងយកមកវិញនៅរដូវកាលនេះ ដោយបង្ហាញខ្លួនបានតែ ៧ប្រកួតប៉ុណ្ណោះ ក្រោមការបង្វឹករបស់លោក Zinedine Zidane៕