(ភ្នំពេញ)៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ បានសម្រេចបញ្ចប់កិច្ចសន្យាកីឡាករ ២រូប គឺខ្សែការពារ ប្រាក់ សុវណ្ណពិសិដ្ឋ និងខ្សែបម្រើ សឿង សុបញ្ញា ក្រោយអ្នកទាំងពីរ បានប្រព្រឹត្តខុសពីក្រុមសីលធម៌ក្នុងនាមកីឡាករអាជីព ។ នេះបើតាមការជូនដំណឹងកាលពីម្សិលមិញ ។

ក្លិបលោក Kiesuke Honda បានជូនដំណឹងថា «ក្លិបកីឡាបាល់ទាត់សូលទីឡូអង្គរ មានការសោកស្ដាយជាខ្លាំង និងសូមជូនដំណឹងពី​ការបញ្ចប់កិច្ចសន្យាកីឡាករ សឿង សុបញ្ញា និង ប្រាក់ សុវណ្ណពិសិដ្ឋ ពីក្លិបចាប់ពីពេលនេះតទៅ​ ដោយសារអាកប្បកិរិយាប្រព្រឹត្តិខុសពីក្រុមសីលធម៌ ក្នុងនាមជាកីឡាករអាជីព» ។ ប៉ុន្ដែការជូនដំណឹងនេះ ត្រូវបានក្លិបលុបពីបណ្ដាញសង្គមវិញ ក្រោយបង្ហោះបានប៉ុន្មានម៉ោង ។

គួរបញ្ជាក់ថា កីឡាករវ័យក្មេងទាំងពីរ បានចូលរួមជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើ កាលពីឆ្នាំ២០១៩ ។ ប៉ុន្ដែមុនក្លិបបញ្ចប់កិច្ចសន្យា ពួកគេក៏បានរួមចំណែកជួយក្លិបសូលទីឡូអង្គរ ឈរលេខរៀងទី១០ បណ្ដោះអាសន្ន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះដែរ ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ១ និងចាញ់ ៤ រកបាន ៣ពិន្ទុ៕