(សេអ៊ូល)៖ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលលឺដំណឹងថាតារា K-POP ប្រុសស្រីល្បីឈ្មោះពីររូប គឺ IU និង Suga សមាជិកក្រុម BTS នឹងសហការណ៍ផលិតចម្រៀងជាមួយគ្នា។ ស្នាដៃចម្រៀងរបស់អ្នកទាំងពីរ នឹងបញ្ចេញនៅខែឧសភា ខាងមុខនេះ។

តារាស្រីពហុជំនាញ IU បានទម្លាយថា ចម្រៀងឌីជីថលថ្មី របស់នាងនឹងបញ្ចេញនៅថ្ងៃទី០៦ ខែឧសភា ។ ហើយចម្រៀងនេះផងដែរ គឺជាការសហការណ៍គ្នាផលិតជាមួយ Suga សមាជិកក្រុម BTS។ ជាមួយនឹងដំណឹងនេះ អ្នកគាំទ្រ កំពុងរងចាំយ៉ាងអន្ទះសារ ព្រោះតែ Suga និង IU គឺជាតារាពីរដួងដែលមានស្ទិលតន្រ្តីខុសគ្នាដាច់តែម្តង ហើយអ្វីដែលដូចគ្នានោះ អ្នកទាំងពីរបានខិតខំព្យាយាមដូចគ្នា តាមរយៈការសហការណ៍ ដើម្បីឲ្យស្នាដៃចម្រៀងរបស់ពួកគេចេញមកល្អ។

គួរជម្រាបថា IU គឺជាតារាចម្រៀងទោលម្នាក់ ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិជនទាំងក្នុង និងក្រៅប្រទេស។ ការសហការណ៍គ្នាជាមួយសមាជិកក្រុម BTS ពេលនេះ ត្រូវបានអ្នកគាំទ្ររំពឹងថា នឹងធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន ពីអ្នកនិយមតាមដាន K-POP៕