(ភ្នំពេញ)៖ ចាប់តាំងពីបញ្ចប់ការប្រឡងក្នុង កម្មវិធីចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី១ មក ​កញ្ញា កែវ សុបញ្ញា មានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការបញ្ចេញបទចម្រៀងពិរោះៗជាច្រើនបទ ក្នុងផលិតកម្មហង្សមាស។ ថ្មីៗនេះ នាងក៏ឈានទៅចាប់ជំនាញសិល្បៈថ្មីមួយទៀត គឺត្រូវបានគេផ្តល់ឱកាសឲ្យ តាមរយៈចូលរួមសម្តែងក្នុងរឿង «រាជនីភូមិគ្រិះ» ដែលជាតួនាង លំអង។ កញ្ញា នឹងមកចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដើម្បីប្រាប់ពីដំណើរជីវិត និងការវិវត្តន៍ខ្លួនផ្នែកសិល្បៈដល់ទស្សនិកជនឲ្យបានជ្រាបកាន់តែច្បាស់។

ពិតណាស់ ទោះការប្រឡងក្នុងកម្មវិធី «The Voice Cambodia» បានត្រឹមវគ្គ Live Show ក្តី​ តែដោយសារសមត្ថភាពច្រៀងបានពិរោះមានទឹកដមល្អ នាងត្រូវបានផ្តល់ឱកាសឲ្យចូលជា តារាចម្រៀងកុងត្រារបស់ក្រុមគ្រួសារហង្សមាសតែម្តង។ ឱកាសនេះ បានធ្វើឲ្យ កញ្ញា កែវ សុបញ្ញា វិវត្តន៍ខ្លួនគួរឲ្យកត់សម្គាល់ ក្នុងវិថីសិល្បៈ។ ជាក់ស្តែង លើកដំបូងបង្អស់ នៃការសម្តែងភាពយន្ត ក្នុងរឿង «រាជនីភូមិគ្រិះ» ក្នុងនាមជាតួកាចឆ្នាស់ កែវ សុបញ្ញា បានបញ្ចេញសមត្ថភាពយ៉ាងល្អ ប្រៀបបាននឹងតារាសម្តែងអាជីព។

យ៉ាងណាមិញ នៅពីក្រោយភាពរីកចម្រើនទាំងនេះ គឺមិនអត់នោះឡើយ ភាពលំបាក ការតស៊ូ និងឧបសគ្គនានា ដែលតារាស្រីរូបនេះបានឆ្លងការ។ រាល់អាថ៌កំបាំងទាំងនេះ កញ្ញា កែវ សុបញ្ញា នឹងមកបង្ហាញដល់ទស្សនិកជន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕