(ម៉ូនិច)៖ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់បានថ្លែងថា ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអាល្លឺម៉ង់ Bundesliga អាចចាប់ផ្តើមប្រកួតឡើងវិញបានក្នុងខែឧសភា ឆ្នាំ២០២០ តែត្រូវលេងបិទទ្វារដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ ដើម្បីបញ្ចៀសការរីករាលនៃ COVID-19។

Bundesliga នឹងក្លាយជាលីគធំដំបូងគេនៅអឺរ៉ុបដែលចាប់ផ្តើមប្រកួតមុនគេ ក្រោយពេលផ្អាកជាបណ្តោះអាសន្នកាល ពីខែមីនា ឆ្នាំ២០២០ មកដោយសារវិបត្តិជំងឺផ្លូវដង្ហើម COVID-19 ទូទាំងសកលលោក។

ភ្លាមៗនោះដែរ ប្រធានក្លិប Bayern Munich លោក Karl Heinz Rummenigge ក៏បានធ្វើការថ្លែងអំណរគុណចំពោះ ប្រមុខដឹកនាំអាល្លឹម៉ង់ដែលអនុញ្ញាតឲ្យកីឡាគ្រប់ប្រភេទធ្វើសកម្មភាពឡើងវិញ និងមានឱកាសប្រកួតបញ្ចប់រដូវកាលនេះដោយពេញលេញ បើទោះបីជាត្រូវលេងបិទទ្វារកីឡដ្ឋានក៏ដោយ ក៏ព្រោះតែអាល្លឺម៉ង់បានដាក់បម្រាមជួបជុំដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯណោះ។

គួរបញ្ជាក់ផងថា កីឡាករទាំងអស់បានវិលមកហ្វឹកហាត់ជាធម្មតាវិញកាលពីចុងខែមុន និងដើមនេះ ជាមួយសហព័ន្ធបាល់ទាត់អាល្លឹម៉ង់ DFL ថាការប្រកួតលីគអាចចាប់ផ្តើមវិញបាននៅថ្ងៃទី០៩ ខែឧសភា ចុងសប្តាហ៍នេះដ៏លឿនបំផុត៕