(បរទេស)៖ កំពូលតារាចម្រៀងស្រីល្បីល្បាញ Lady gaga បានប្រកាសថា អាល់ប៊ុមថ្មី «Chromatica " នឹងបញ្ចេញជាផ្លូវការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ ហើយបទចម្រៀងនៅក្នងអាល់ប៊ុម «Chromatica» ក៏នឹងមានវត្តមានកំពូលតារាចម្រៀងស្រី Ariana grande និងក្រុមចម្រៀងស្រីលំដាប់អន្តរជាតិ BLACKPINK ផងដែរ។

គួរឲ្យដឹងថា កាលពីមួយរយៈមុន មានពាក្យចចាមអារាមជាច្រើន បានលើកឡើងថា Lady gaga នឹងសហការណ៍ចេញចម្រៀងរួមគ្នាជាមួយក្រុម BLACKPINK។ នៅទីបំផុតពាក្យចចាមអារាមទាំងនោះ ក៏ក្លាយជាការពិត ដោយវេបសាយទីផ្សារអន្តរជាតិ Target បានចុះផ្សាយថា BLACKPINK, Ariana grande នឹងមានវត្តមាននៅក្នុងអាល់ប៊មថ្មីរបស់ Lady gaga ពិតមែន។ ប៉ុន្តែវាអាចនឹងបញ្ចេញជាផ្លូវការ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ដោយសារបញ្ហា Covid-19។

ជាកត់សម្គាល់ ក្រោយពីវេបសាយទីផ្សារអន្តរជាតិ Targat បានប្រកាស ពីព័ត៌មាននេះភ្លាម វាក៏ក្លាយជាព័ត៌មាន ដែលល្បីខ្លាំងលើបណ្តាញសង្គម ជាពិសេសធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់ BLACKPINK, Ariana grande និង Lady gaga មានអារម្មណ៍រំភើប សប្បាយចិត្តជាខ្លាំង ព្រោះអ្វីដែលអ្នកគាំទ្ររំពឹងទុកបានក្លាយជាការពិត។ ទន្ទឹមគ្នានេះ​ ក៏មានការលើកឡើង ពីកាលបរិច្ឆេទនៃការបញ្ចេញអាល់ប៊ុម «Chromatica» គឺមានរយៈពេលយូរខ្លាំង ប្រហែល ៧ខែឯណោះ។ បណ្តាលអ្នកគាំទ្រជាច្រើន បានរំពឹងដោយមានសង្ឃឹមថា កាលបរិច្ឆេទនៃការបញ្ចេញអាល់ប៊ុមថ្មី «Chromatica» នឹងមានការប្រែប្រួល ដោយអាចនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខវិញ។

ជាក់ស្តែង នៅយប់ថ្ងៃទី០៦ ខែឧសភា (ពេលវេលានៅកម្ពុជា) តារាចម្រៀងស្រី Lady gaga បានប្រកាសឲ្យដឹងថា អាល់ប៊ុមថ្មី «Chromatica» នឹងត្រូវបញ្ចេញជាផ្លូវការនៅចុងខែនេះតែម្តង គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

សូមជម្រាបថា បទចម្រៀងដែល Lady gaga នឹងច្រៀងរួមគ្នាជាមួយ BLACKPINK គឺ បទ «Sour Candy» ចំណែក Ariana grande នឹងច្រៀងរួមគ្នាជាមួយ Lady gaga ក្នុងបទ «Rain on Me»៕