(តូរីន)៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលអ៉ីតាលីបានសម្រេចបើកភ្លើងខៀវទៅដល់លីគកំពូល Serie A អាចបន្តការប្រកួតឡើងវិញបាន ចាប់ពីថ្ងៃទី២០ ខែមិថុនាតទៅ ស្របពេលជំងឺ COVID-19 នៅក្នុងប្រទេសតំបន់អឺរ៉ុបមួយនេះអាចគ្រប់គ្រងបាន។

ទន្ទឹមគ្នានោះ ការប្រកួតពានរង្វាន់លំដាប់ទី២ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Coppa Italia ជើងទី២ នោះ នឹងបន្តឡើងវិញនៅដើមសប្តាហ៍នាថ្ងៃទី១៣ នៃខែដដែលទៀតផង។

កិច្ចព្រមព្រៀងមួយបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា រវាងរដ្ឋាភិបាលអ៉ីតាលី ជាមួយប្រធានសហព័ន្ធបាល់ទាត់ (FIGC) និងប្រធានកីឡាអ៉ីតាលី ក្នុងការសម្រេចឲ្យកីឡានានាធ្វើសកម្មភាពឡើងវិញ ក្រោយផ្អាកដោយវិបត្តិវីរុស COVID-19 តាំងពីខែមីនា មកម្ល៉េះ ដោយនៅសល់ ១២ប្រកួតសម្រាប់ Serie A រដូវកាលនេះ មាន Juventus ឈរកំពូលបណ្តោះអាសន្ន។

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមិថុនា ដោយលេងបិទទ្វារកីឡដ្ឋា មានសមាជិកច្រើនបំផុតត្រឹមតែ ៣០០នាក់ប៉ុណ្ណោះក្នុងទីលាន៕